ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទៅទិញម្អូបជ្រុលទៅបុករថយន្តធុនធំ ពីក្រោយបណ្តាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤០នាទីព្រលប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ តក់ យឿន អាយុ ៤២ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ មានស្រុកកំណើតនៅភូមិល្តាច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-5238 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់មានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-4073 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបើកជែងរថយន្តបណ្តាលឲ្យទាក់ដៃចង្កូតដួលចូលក្រោមរថយន្តកិនស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់បានធ្វើកំណត់ហេតុ រួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ