ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ស្រុកមង្គលបូរីឃាត់ខ្លួន​យុវជន៣នាក់ករណីគ្រឿងញៀនដកហូតវត្ថុតាងថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនយុវជន៣នាក់ករណីលួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំដកហូតវត្ថុតាងថ្នាំញៀន៣កញ្ចប់ ។ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែប្រឡាយឯកភាព ស្ថិតនៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សំ មេសា អាយុ ២០ ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោកស្រុកមង្គលបូរី ។

ទី២.ឈ្មោះ ហយ សុភា អាយុ២២ឆ្នាំ រស់នៅភូមិកោះកែវ ឃុំឬស្សីក្រោកស្រុកមង្គលបូរី ។

ទី៣.ឈ្មោះ ឌឿន ចិន អាយុ ២៥ ឆ្នាំ រស់នៅភូមិបន្ទាយនាងឃុំបន្ទាយនាង ស្រុកមង្គលបូរី ។

អធិការនគរបាលស្រុកមង្គលបូរី បានបញ្ជាក់ឲ្យដឹងទៀតថា ការឃាត់ខ្លួនអ្នកលក់ថ្នាំញៀននេះបានដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យកំលាំងនគរបាលចុះល្បាតបង្ក្រាបបទល្មើសជាប្រចាំ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាស្របពេលនោះប្រជាពលរដ្ឋបានរាយការណ៍មកថា មានជនសង្ស័យកំពុងលួចលក់ថ្នាំញៀនយ៉ាងសកម្មកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះដល់កន្លែងស្រាប់ឃើញមានរថយន្តមួយគ្រឿងម៉ាក TOYOTA Camry ស៊េរីឆ្នាំ94 ពាក់ស្លាកលេខភ្នំពេញ2F-4940 ពណ៌សំបកឪឡឹកបើកមកឈប់នៅចំណុចវាលស្រែប្រឡាយឯកភាព នេះក្នុងនោះមានមនុស្ស២នាក់បានបើកទ្វារចុះពីលើរថយន្ត និងម្នាក់ទៀតនៅលើរថយន្ត ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្សទាំង៣នាក់នេះនិងរថយន្តមួយគ្រឿង។

ពេលសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម្សៅពណ៌សក្រាមចំនួន៣កញ្ចប់ ដែលជនសង្ស័យច្រកក្នុងថង់ពណ៌ខ្មៅហើយលាក់ទុក នៅក្នុងគុម្ពស្មៅ ។ បើតាមចម្លើយសារភាពរបស់ឈ្មោះ សំ មេសា ថា ថ្នាំញៀននេះជារបស់ខ្លួន ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចមកនឹងផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់វត្ថុតាងថ្នាំញៀន និងរថយន្តកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖