ព័ត៌មានទាន់ហេតុការណ៍៖

ដឹងការណ៍ពិតនៃការស្លាប់របស់កុមារីអាយុជាង២ឆ្នាំនៅខណ្ឌមានជ័យកាលពីម្សិលមិញហេីយ​

ចែករំលែក៖

      ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានមជ្ឈមណ្ឌលនគរវត្ត​បានឱ្យដឹងនៅថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២១នេះថា​ ករណីក្មេងស្រីអាយុជាង២ឆ្នាំម្នាក់ដែលឪពុកចុងអះអាងថា ខ្លួនបានរអិលជើងដួលសង្កត់លើកូន បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅផ្ទះជួលក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនោះ ពេលនេះបានដឹងការណ៍ពិតហើយ គឺជាករណីឃាតកម្ម (វាយនិងយកជង្គង់អុកលើដើមទ្រូងកុមារីរងគ្រោះ)។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ នន ស្រីនិច អាយុ២ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រីឯជនសង្ស័យជាឪពុកចុងមានឈ្មោះ សុខ រដ្ឋា  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបាននៅក្នុងបន្ទប់ផ្ទះជួលកន្លែងកើតហេតុ តែពីរនាក់។ ពេលនោះជនរងគ្រោះបានយកដៃវាយក្បាលនិងយកជើងធូបចាក់ភ្នែកឪពុកចុង ធ្វើឱ្យឪពុកចុងខឹងក៏បានចាប់ជនរងគ្រោះវាយនិងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយមកជនសង្ស័យក៏បាននាំជនរងគ្រោះទៅឲ្យជីតារបស់ជនរងគ្រោះឈ្មោះ មុី ថុល ជួយមើល ដោយភូតថារូបគេបានរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង។ បន្ទាប់មកជីតារបស់ជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។

    ភ្លាមៗនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកត្រួតពិនិត្យសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ។

    បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ អស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្ដាលឲ្យស្លាប់ប្រាកដមែន។

    គួរបញ្ជាក់ផងដែរថា ជុំវិញករណីនេះ អង្គការការពារកុមារ (CPU) រួមជាមួយជំនាញកោសល្យវិច័យនិងស៊ើបអង្កេតនៃប្រទេសអូស្ត្រាលី ក៏បានចុះមកពិនិត្យសពជនរងគ្រោះដែរ ហើយបានសន្និដ្ឋានថា ជាករណីឃាតកម្ម (វាយនិងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។

    បច្ចុប្បន្ន បុរសជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖