ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីអំពាវនាវ ស្តីពីការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវ សារជាថ្មីដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ទីតាំង ដែលមានមនុស្សចេញ-ចូលច្រើន និងសាធារណជនទាំងអស់ ត្រូវតែចូលរួមប្រើប្រាស់ ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” តាមរយៈការដាក់ឱ្យមានមនុស្សនៅរង់ចាំត្រួតពិនិត្យការស្កេន QR Code នៅច្រកទ្វារនៃទីតាំងរបស់ខ្លួន និងតម្រូវឱ្យអ្នកឆ្លងកាត់ត្រូវតែចូលរួមស្កេន QR Code ឱ្យបានគ្រប់ៗគ្នា។ ប្រព័ន្ធ QR Code អាចប្រើជាសំណាញ់ សុវត្ថិភាពគាំទ្រដល់ដំណើរការការងារ ជាធម្មតាតាមបែបគន្លងថ្មី ហើយសាធារណជនអាចទទួលបានការជូនដំណឹង ទាន់ពេលវេលា ក្នុងករណីមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថាន សាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួន និងសូមសាធារណជនទាំងអស់មេត្តាចូលរួមស្កេន QR Code និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការប្រើប្រាស់ ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ ឬ ០៦៧ ៨១៨ ៧៨២ ឬទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍៕

ដោយ ៖ សិលា


ចែករំលែក៖