ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២ពាន់នាក់ឆ្លងកូវីដ-១៩នៅស្កុតឡេនក្នុងពេលប្រកួតបាល់ទាត់យូរ៉ូ

ចែករំលែក៖

ករណីឆ្លងជំងឺ Covid-19 ជិត២.០០០ករណីនៅប្រទេសស្កុតឡេនត្រូវបានផ្សារភ្ជាប់ទៅនឹងមនុស្សដែលបានមើលការប្រកួតបាល់ទាត់យូរ៉ូ២០២០ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានមនុស្សចូលទស្សនាផ្ទាល់យ៉ាងច្រើនក្នុងកីឡដ្ឋាន។

មន្ត្រីសុខភាពសាធារណៈស្កុតឡេនបាននិយាយថា ២ភាគ៣នៃចំនួន១,៩៩១ករណីគឺជាមនុស្សដែលបានធ្វើដំណើរទៅទីក្រុងឡុងសម្រាប់ការប្រកួតរវាងស្កុតឡេនជាមួយអង់គ្លេសកាលពីថ្ងៃទី១៨ ខែមិថុនា។ នេះរាប់បញ្ចូលទាំងអ្នកគាំទ្រចំនួន៣៩៧នាក់ដែលនៅខាងក្នុងកីឡដ្ឋាន Wembley សម្រាប់ការប្រកួតនេះ។

ករណីមួយចំនួនតូចត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងកម្មវិធី Fanzone នៅទីក្រុង Glasgow ឬពីរប្រកួតនៅផ្ទះរបស់ស្កុតឡេននៅឯទីក្រុង Hampden ។ ស្កុតឡេនត្រូវបានគេចែកសំបុត្រតែ២៦០០សន្លឹកសម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Wembley ដោយសារតែមានការរឹតត្បិតពីការឆ្លង Covid-19 ។ ប៉ុន្តែអ្នកគាំទ្ររាប់ម៉ឺននាក់ត្រូវបានគេជឿជាក់ថាបានធ្វើដំណើរទៅកាន់ទីក្រុងឡុងទោះបីជាមានការព្រមានមិនឲ្យធ្វើក៏ដោយលើកលែងតែពួកគេមានសំបុត្រ។

មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាជាក្រុមធំៗនៅកណ្តាលទីក្រុងឡុងមុនពេលការប្រកួតដោយអ្នកដែលនៅទីលាន Leicester ត្រូវបានប៉ូលីសឲ្យរំសាយភ្លាមៗបន្ទាប់ពីពាក់កណ្តាលម៉ោងប្រកួត។

នាយកគ្លីនិកជាតិរបស់ប្រទេសស្កុតឡេនបាននិយាយថា លោកមានការខកចិត្តដែលករណី២០០០ក្នុងចំណោម៣២.០០០ករណីដែលបានកត់ត្រានៅក្នុងប្រទេសស្កុតឡេនចាប់តាំងពីថ្ងៃទី១១ ខែកក្កដាឆ្នាំទៅត្រូវបានផ្សាភ្ជាប់ទៅនឹងព្រឹត្តិការណ៍យូរ៉ូ២០២០ប៉ុន្តែលោកបានអះអាងថា វាមិនអាចទៅរួចទេដែលអាចដឹងថា តើមនុស្សបានឆ្លងជំងឺនេះនៅពេលកំពុងមើលការប្រកួត ឬកន្លែងណាផ្សេងទៀត ឬតើមានមនុស្សប៉ុន្មាននាក់ដែលពួកគេអាចឆ្លងជាបន្តបន្ទាប់? ៕ដោយ៖ ភារៈ


ចែករំលែក៖