ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ និងលោក សឿ ឡងឌី ជាតំណាងអយ្យការ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបើកសវនាការជំនុំជម្រះ លើជនជាតិចិនចំនួន ៣នាក់ ជាប់ចោទពីបទកំហែងយកមានស្ថានទម្ងន់ទោស ដោយសារការប្រើអាវុធ ( ចាប់ជនរងគ្រោះ ដាក់ខ្នោះដៃ និងប្រើប្រាស់ ឧបករណ៍ឆក់ ជំរិតទារប្រាក់ ) ធ្វើឲ្យខូចខាត ដោយចេតនា បើករថយន្ត បុក បណ្តាលឲ្យខូចខាតរថយន្ត ២គ្រឿង និងបុករបងផ្ទះ បណ្តាលឲ្យខូចខាត និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ( ពាក់ស្លាកលេខ រថយន្ត ដោយគ្មានសិទ្ធិ ) ជំរិតទារប្រាក់ ១០ ម៉ឺនដុល្លារ ។
បុរសជនជាតិចិនជនជាប់ចោទទាំង ៣នាក់នោះរួមមាន៖ ទី១. ឈ្មោះ ចម ជី ង មីង ( ZHAO-JIANMING ) អាយុ ៣៥ ឆ្នាំ ស្នាក់នៅម្ដុំ ខាងក្រោយក្រសួងការពារជាតិ , ទី២. ឈ្មោះ XIAO-ZEAN អាយុ ៣២ ឆ្នាំ កាន់លិខិតឆ្លងដែន លេខ EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ និងទី៣. ឈ្មោះ HU FENGWEN អាយុ ៣១ ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១៥ ផ្លូវលេខ ០៣ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រកស៊ីខាងរ៉ែមាស។ ចំណែក ជនរងគ្រោះ មានឈ្មោះ Lin Wei Xian ភេទប្រុស ជនជាតិចិន អាយុ ៣១ ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ លៀង មីង ជូ ផ្ទះលេខ៨ ផ្លូវ ២៧៨ ភូមិ ៥ សង្កាត់បឹង កេងកង ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរបុគ្គលិកខារ៉ាអូខេ។
គួររម្លឹកថា បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនជាប់ចោទទាំង ៣នាក់នេះ កាលពីវេលាម៉ោង២១ និង២០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០កន្លងទៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចក្នុងបន្ទប់លេខ ៩០២ ជាន់ទី៩ សណ្ឋាគារយីហោ”ហាយ ហៀង មីងជូ “ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការរួចវត្ថុតាងចាប់យកពីជនជាប់ចោទ រួមមាន៖
*១.រថយន្ដ ចំនួន ១ គ្រឿង ម៉ាក HILUX REVO ពណ៌ ស្ករ ( របស់បក្ខពួកជនសង្ស័យ រត់គេចខ្លួន ) ។
*២. ទូរស័ព្ទចំនួន ២ គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន ៣២៦ ដុល្លារ, ប័ណ្ណព័ត៌មាន ( CTN TV) , ដំបងឆក់ ចំនួន ២ និងគ្រាប់ ចំនួន១, ប័ណ្ណ សម្គាល់រថយន្ដ ១ និងកាតធនាគារ ១ (ATM – ABA BANK) , ខ្នោះដៃ ២, ក្រណាត់ ពណ៌ខ្មៅ ចំនួន ៤ សម្រាប់គ្របមុខ របស់ឈ្មោះ ZHAO JIANMING) ។
*៣. ទូរស័ព្ទ ចំនួន ២ គ្រឿង ម៉ាក IPhone 6 ពណ៌ខ្មៅនិងស, លុយចំនួន ១៣ ដុល្លារ និងប្រាក់ខ្មែរ ចំនួន ៤.២០០ រៀល, លិខិតឆ្លងដែន ចំនួន១ លេខ EA 2019587 , Power Bank ពណ៌ស ម៉ាក Romoss, កូនសោរមួយចង្កោម និងកាបូបខ្មៅ ចំនួន១ ជារបស់ឈ្មោះ XIAO ZEAN ។
ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទទាំង ៣នាក់នេះ រួចរាល់ហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ សម្រេចកំណត់យកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក ដើម្បីធ្វើការប្រកាសសាលក្រមដាក់ទោសជនជាប់ចោទទៅតាមនីតិវិធីច្បាប់៕ដោយ៖សហការី