ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ជលផល៖ ប្រកាស​ជូនដំណឹងស្តីពី​ការដេញថ្លៃ ដាយ​ត្រី និង ដាយបង្កង​ ​ក្នុង​រដូវ​នេសាទ

ចែករំលែក៖

ភ្នំពេញ៖​ បេីយោង​តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅ​ថ្មីៗ​នេះ​ បាន​ប្រកាស​ស្តីពី​ការដេញ​ថ្លៃឈ្នួល ដាយ​ត្រី ដាយ​ត្រី​លេញ និងដាយ​បង្កង សម្រាប់​ឱ្យធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២១- ២០២២ និង​ឆ្នាំ ២០២២-២០២៣ នៅ​រដ្ឋបាល​ជលផល រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រៃវែង​។​

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងលេខ ១២៥០ ជ​ផ ដែល​ចុះហត្ថលេខាដោយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល ​លោក ពុំ ស៊ីថា​ បានបញ្ជាក់​ថា៖​ ការដេញថ្លៃ នៅ​ខេត្តព្រៃវែង ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១, នៅ​ខេត្ត កណ្តាល ព្រឹក​ថ្ងៃទី​៥ ខែសីហា និង​នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ ២០២១​។​

​ប្រភពដដែល បន្តថា ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ដាយ​ត្រី​លេញ និង ដាយ​បង្កង ត្រូវបាន​កំណត់ ឱ្យធ្វើ​អាជីវកម្ម​នេសាទ ក្នុង​រយៈពេល​ពីរ រដូវ​នេសាទជាប់​គ្នា​។ ការកំណត់​ថ្លៃឈ្នួល ដាយ​ត្រី ដាយ​ត្រី​លេញ និង ដាយ​បង្កង​ដែល​ដាក់ឱ្យ ដេញថ្លៃ និង​ការឱ្យ​ដេញថ្លៃ ដាយ​ត្រី ដាយ​ត្រី​លេញ និង​ដាយ​បង្កង របស់​អ្នកដេញថ្លៃ គឺជា​ឈ្នួល​ដាយ​ត្រី ដាយ​ត្រី​លេញ និង ដាយ​បង្កង សុទ្ធសាធ សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​មួយ រដូវ​នេសាទ គឺ​រដូវ​នេសាទ​ទី​១ ហើយ​រដូវ​នេ សាទ​ទី​២ ក៏ត្រូវ​បង់ថ្លៃ​ឈ្នួល ដាយ​ត្រី ដាយ​ត្រី​លេញ និង ដាយ​បង្កង ដូ​វ​រដូវ​នេសាទ​ទី​១ ដែរ​។​

លើសពីនេះ រដ្ឋបាល​ជលផល បានបញ្ជាក់បន្ថែមថា ចំពោះអ្នកមាន​បំណង ចូលរួម​ដេញថ្លៃ ធ្វើ​អាជីវកម្ម​ខាងលើនេះ ត្រូវ​ទៅសុំ​យកបែប បទ​ដេញថ្លៃ នៅតាម​រដ្ឋបាល​ជលផល រាជធានី ខាងលើ ។ ដាយ​ត្រី​ដែល​ត្រូវ​ដាក់ឱ្យ ដេញថ្លៃ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​១២ នៅ​ខេត្តកណ្តាល ចំនួន​២១ នៅ​ខេត្តព្រៃវែង ដាយ​ត្រី​លេញ ចំនួន​៥ និង ដាយ​បង្កង ចំនួន​១៣៕ដោយ៖សហការី

រូបភាព​៖ឯកសារ​


ចែករំលែក៖