ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អាជ្ញាធររាជធានីភ្នំពេញ សម្រេច ៖
ប្រការ១ …ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។
ប្រការ២ …សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គណៈកម្មការផ្សារអូឡាំពិក ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រី សុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការ រដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
ប្រការ៣…ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្ដោះអាសន្ន ត្រូវបានហាមឃាត់រាល់ការ ចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក លើកលែង តែករណីចំបាច់ ដូចខាងក្រោម ៖
– ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នក ពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក
– ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល
– ការចេញ-ចូល និងការជួបជុំរបស់គណៈកម្មការផ្សារ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
-រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ៖ ត្រូវ អនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាត សុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៤…ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធការអនុវត្ត វិធានការរដ្ឋបាល វិធានការសុខាភិបាល និងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ផ្អាកដំណើរការជាបណ្ដោះអាសន្ន ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់
ប្រការ៥…សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការ ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬ មិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យ អន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ ដប់លានរៀល ដូចបានកំណត់ក្នុងចំណុចទី៤ និង ទី៥ ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។ ក្រៅពីការពិន័យអន្តរការណ៍ គណៈកម្មការផ្សារ នឹងមិនអនុញ្ញាត ឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើក ដំណើរការជាប្រក្រតីឡើងវិញ។
គណៈកម្មការផ្សារ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែល មិនអនុវត្តតាមប្រការ២ និងប្រការ ៣នៃសេចក្ដីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។
ប្រការ៦ …បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺ កូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមាន អានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៧ …នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ -អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា