នៅថ្ងៃទី២ខែកក្កដា អាមេរិកនិងអង្គការណាតូ បានបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយអាមេរិកនឹងផ្តល់ទីតាំងនោះឲ្យទៅទាហានអាហ្វហ្គានីស្ថានវិញ។
សារព័ត៌មាន CNN នៅថ្ងៃទី ២ខែកក្កដា បានផ្សាយថា អាមេរិក និងអង្គការណាតូបានបញ្ចប់ការដកទាហានចេញពីទីតាំង Bagram ជាទីតាំងទាហានអាកាសធំបំផុត នៅអាហ្វហ្គានីស្ថានស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល។ ទីតាំងនោះជាកន្លែងឈរជើងរបស់កម្លាំងទាហានរាប់សិបពាន់នាក់។
តាមប្រភពព័ត៌មានពីCNN ក្រោយពីប្រទេសអាល្លឺម៉ង់និងអុីតាលី ពេលនេះអាមេរិកក៏បានសម្រេចដកទាហានឲ្យអស់នៅថ្ងៃទី ៤ ខែកក្កដា គឺលឿនជាងពេលកំណត់ពីរខែ។ ប៉ុន្តែការដកទាហានចេញនោះបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ក្នុងរយៈពេល២ខែកន្លងមក ក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រងស្រុកមួយចំនួននៅទូទាំងប្រទេស ។ ក្រុមចារកិច្ចអាមេរិកបានលើកឡើងថា អាហ្វហ្គានីស្ថានអាចនឹងធ្លាក់ចូលក្នុងដៃក្រុមភេរវកម្ម ក្រោយអាមេរិកដកទាហានចេញ៕
ដោយ៖ ធីរីណា(រូបភាព៖ Getty)