ព័ត៌មានទាន់ហេតុការណ៍៖

ពេលចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ មីយ៉ាន់ម៉ាស្នើពលរដ្ឋជាង២លាននាក់កុំចេញពីផ្ទះ

ចែករំលែក៖

មន្ត្រីមីយ៉ាន់ម៉ា នៅថ្ងៃទី ២ខែកក្កដា បានប្រកាសពីវិធានការទប់ស្កាត់កូវីដ-១៩ ដោយស្នើដល់ពលរដ្ឋជាង២លាននាក់រស់នៅក្នុងទីក្រុង Mandalay រួមជាមួយស្រុកពីរនៅជាយក្រុង Bago ត្រូវស្នាក់នៅក្នុងផ្ទះបញ្ចៀសការឆ្លងកូវីដ-១៩។
សារព័ត៌មានAFP បានផ្សាយថា ពលរដ្ឋរស់នៅទីក្រុង Mandalay អនុញ្ញាតឲ្យចេញក្រៅផ្ទះតែម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ ដើម្បីទិញសម្ភារនិងស្បៀងអាហារ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនបាន បញ្ជាក់ពីពេលវេលាដែលអនុវត្តឲ្យពលរដ្ឋនៅក្នុងផ្ទះមានរយៈពេលយូរប៉ុនណានោះឡើយ ។ ចំពោះអ្នកទៅធ្វើការងាររដ្ឋត្រូវបានលើកលែង។
តំបន់ដែលរដ្ឋាភិបាលយោធាបិទខ្ទប់មានពលរដ្ឋរស់នៅជាង២លាននាក់ ។ កន្លងមកមីយ៉ាន់ម៉ាក៏បានបិទខ្ទប់រដ្ឋ Chin ដែលនៅជាប់ព្រំដែនឥណ្ឌាតាំងពីខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
នៅថ្ងៃទី១ខែកក្កដា មីយ៉ាន់ម៉ារកឃើញករណីឆ្លងកូវីដ-១៩ជាង ១៥០០នាក់ថ្មី គឺជាចំនួនច្រើនមិនធ្លាប់មានក្នុងប្រទេសនេះ។ មីយ៉ាន់ម៉ាក៏ទទួលបានវ៉ាក់សាំងពីឥណ្ឌា ១,៥លានដូសផងដែរ។ នៅថ្ងៃទី១ខែកក្កដា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសម្រេចទិញវ៉ាក់សាំង២លានដូសពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះមីយ៉ាន់ម៉ា ក៏បានពិភាក្សាទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ។
តាមគេហទំព័រ Worldometer គិតត្រឹមថ្ងៃទី២ខែកក្កដា មីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩សរុបកើនឡើងដល់ទៅ១៥៩.៣៤៧នាក់ និងស្លាប់៣៣៤៧នាក់៕

ដោយ៖ធីរីណា(រូបភាព៖AFP+TTXVN )


ចែករំលែក៖