ខេត្តប៉ៃលិន៖ ទាហានឈុតខ្មៅថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែនបាននាំយកពលករខ្មែរចំនួន១០នាក់ក្នុងនោះមានស្រី៥នាក់ មកប្រគល់ឱ្យនគរបាលការពារព្រំដែនរបស់កម្ពុជាវិញ បន្ទាប់ពីទាហានឈុតថៃទាំងនោះឃាត់ខ្លួនពួកគាត់ពេលឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយខុសច្បាប់។
មន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថាការទទួលយកពលករខ្មែរទាំងអស់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្បែរច្រកអន្តរជាតិ បានផាក់កាត ច្រកអន្តរជាតិព្រំ ដោយភាគីថៃ បានអះអាងថា ពលករទាំងនេះបានឆ្លងដែនត្រង់ចំណុចលូដាច់ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយចូលទៅក្នុងទឹកដីថៃត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
ប្រភពដដែលបានឲ្យដឹងថាមុននឹងប្រគល់ពលករទាំងនោះមកឱ្យកម្ពុជាវិញ ទាហានថៃបានត្រួតពិនិត្យវាស់កម្តៅ ព្រមទាំងបានឱ្យបាយកញ្ចប់ បរិភោគសិន ខណ:ដែលភាគីថៃបានផ្តោតទៅលើការពង្រឹងតាមខ្សែបន្ទាត់ព្រំដែនរវាងភាគីទាំងពីរ នៅក្នុងដំណាក់កាល ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
យ៉ាងណាក្រោយពីទទួលយកពលករទាំង១០នាក់ កម្លាំងសមត្ថកិច្ចឈរជើងតាមព្រំដែនបានធ្វើការអប់រំដល់ពួកគាត់និងបានប្រគល់ឲ្យមន្ទីរសុខាភិបាលខេត្តយកទៅធ្វើចត្តាឡីស័កមុននឹងឲ្យត្រឡប់ទៅលំនៅឋានវិញ៕
ដោយ ៖ ប្រាថ្នា