ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោង៖ «កសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្មនៅកម្ពុជា»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា, នៅក្នុងគោលដៅអភិវឌ្ឍដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការម្ហូបអាហារកំពុងបង្កើនសម្ពាធលើប្រព័ន្ធម្ហូបអាហារសាកលដែលកំពុងមានភាពផុយស្រួយ និងក្លាយជាបញ្ហាសាកលដ៏ធំធេងមួយ ដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ដើម្បីចិញ្ចឹមប្រជាជនដែលកំពុងកើនឡើង ផលិតកម្មម្ហូបអាហារត្រូវបង្កើន ប្រហែល៥០%ជាសាកលរហូតដល់ឆ្នាំ២០៥០។ លើសពីការកើនឡើងចំនួនប្រជាជន ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក៏រំពឹងថានឹងកាត់បន្ថយទិន្នផលដំណាំច្រើនជាង២៥%។ ការធ្លាក់ចុះផលិតភាព ទិន្នផល និងការប្រែ ប្រួលអាកាសធាតុ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផលសម្រេចនៃសន្តិសុខស្បៀងសាកលប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់ បន្ថយភាពធន់ទ្រាំនៃជីវភាពក្នុងវិស័យកសិកម្មផងដែរ។ ហេតុដូច្នេះ ប្រជាជនដែលពឹងផ្អែកលើកសិកម្មនៅតែ ងាយទទួលរងគ្រោះដោយភាពក្រីក្រនិងសន្តិសុខស្បៀង។

ការបំពេញតម្រូវការម្ហូបអាហារតាមរយៈផលិតកម្មកសិកម្មបែបផែនបច្ចុប្បន្ន អាចនឹងប្រឈមនឹងកត្តាអវិជ្ជមានជាច្រើនដូចជា៖ (i) ពឹងអាស្រ័យលើជីនិងថ្នាំកំចាត់កត្តាចង្រៃអសរីរាង្គ 

(ii) ការថយចុះគួរឲ្យកត់សំគាល់សុខ ភាពដី ជីជាតិដី និងផលិតភាពដី 

(iii) បង្កើនសំណឹកដីនិងការថយចុះគុណភាពដី និង 

(iv) បង្កើនបំណុលរបស់កសិករដោយសារតម្រូវការទុនវិនិយោគនៃការអនុវត្តកសិកម្មប្រពលវប្បកម្មបែបផែនបច្ចុប្បន្ន។

កសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្ម បង្ហាញគន្លងវិថីថ្មីឆ្ពោះទៅកាន់ការគ្រប់គ្រងដីប្រកបដោយ និរន្តរភាព ស្របពេលជាមួយការអភិរក្សធនធានដី។ អង្គការស្បៀងអាហារនិងកសិកម្ម នៃអង្គការសហប្រជាជាតិ បានទទួលស្គាល់និងបានឲ្យនិយមន័យកសិកម្មអភិរក្សផ្អែកលើគោលការណ៍ ដែលអាចអនុវត្តន៍បានជាសាកលចំនួន៣ ដែលរួមមាន៖ 

(i) គ្របដីដោយគម្របសរីរាង្គជាប្រចាំ (ដំណាំគម្របដី) 

(ii) ការរំខានដីដោយមេកានិកជា អប្បបរមា (មិនភ្ជួរដី) និង 

(iii) ពិពិធកម្មប្រភេទដំណាំ (ដំណាំឆ្លាស់)។ 

កសិកម្មអភិរក្សនិងនិរន្តរភាព ប្រពលវប្បកម្ម បង្កើនភាពធន់ទ្រាំនៃប្រព័ន្ធផលិតកម្មដោយសារសម្ពាធជីវៈនិងអជីវៈ និងចុងក្រោយទៅលើជីវភាពកសិករ/អ្នកចិញ្ចឹមសត្វ និងសមត្ថភាពរបស់សហគមន៍ ដើម្បីសម្របទៅនឹងផលប៉ះពាល់បរិស្ថានក៏ដូចសេដ្ឋកិច្ច ដែរ។

ការអភិវឌ្ឍន៍ការងារកសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្មនៅកម្ពុជា

សកម្មភាពកសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្ម ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង សម្រាប់ការអភិវឌ្ឍអន្តរជាតិ អនុវត្តនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤មកម្លេះ ក្នុងនាមជាគម្រោងស្រាវជ្រាវ មួយតាមរយៈ  “Projet d’Appui au Développement de l’Agriculture du Cambodge” (PADAC) ដែល បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។    រហូតដល់ឆ្នាំ ២០១០ ការងារកសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្ម បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀត គឺប្រែក្លាយពីការស្រាវជ្រាវឈានទៅដល់ការផ្តល់សេវាកម្មកសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្ម ដោយជាជំហាន ដំបូងបានសាកល្បងនៅតំបន់ខ្ពង់រាបភាគពាយ័ព្យក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលជាកន្លែងមួយមាន ការប្រឈមនិងការសឹករេចរិលដីកសិកម្មនិងហូរច្រោះដីច្រើន។ 

ដោយទទួលបានការចូលរួមនិងគាំទ្រពីប្រជាកសិករជាអ្នកទទួលផល លើការផ្តល់សេវាកម្មកសិកម្មអភិរក្ស និងនិរន្តរភាពប្រពលវប្បកម្ម នៅឆ្នាំ២០១៨ ការងារកសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្ម បានឈានដល់ ដំណាក់កាលមួយទៀត គឺជាដំណាក់កាលនៃការចូលរួមរបស់វិស័យឯកជនតាមរយៈការផ្តល់សេវាកម្ម លើដំណាំ គម្របដីដោយក្រុមហ៊ុនស្មាតអាក្រូ ការផ្តល់សេវាកម្មផ្នែកគ្រឿងយន្តកសិកម្មសម្រាប់ការងារកសិកម្មអភិរក្សនិង ប្រពលវប្បកម្មដោយរោងជាងផលិតឧបករណ៍កសិកម្មឬស្សីកែវនិងអ្នកធ្វើសេវាកម្មគ្រឿងយន្តកសិកម្មក្នុងខេត្តគោលដៅ ការឧបត្ថម្ភគាំទ្រលើម៉ូដែលធុរកិច្ចរវាងប្រជាកសិករនិងអ្នកផ្តល់សេវាកម្មផ្នែកគ្រឿងយន្តកសិកម្មដោយអង្គការ ស្វីសខនថាក់ និងការចូលរួមរបស់ទីភ្នាក់ងារជំនួយអាមេរិក តាមរយៈគម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាពនិងមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារ រូបត្ថម្ភលើកម្មវិធីស្រាវជ្រាវ ការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការកសាងសមត្ថភាព។ នេះ គឺជា ជំហ៊ានថ្មីមួយ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធដាំដុះឱ្យស្របទៅតាមការវិវឌ្ឍន៍នៃគ្រឿងយន្តកសិកម្មសមស្រប ឆ្លើយ តបការប្រែប្រួលអាកាសធាតុនិងថែរក្សាឱនភាពដីពីការហូរច្រោះ បង្កើនទិន្នផលនិងគុណភាពដំណាំ។ ប្រជាកសិករ កាន់តែមានការយល់ដឹងនិងចូលរួម ហើយដោយមានការចូលរួមពីវិស័យឯកជនលើសេវាកម្មដំណាំគម្របដីនិង សេវាកម្មគ្រឿងយន្តកសិកម្មសម្រាប់កសិកម្មអភិរក្សផងនោះ បានធ្វើឱ្យផ្ទៃដីអនុវត្តតាមបែបកសិកម្មអភិរក្សនៅ តាមបណ្តាខេត្តគោលដៅ រួមមានខេត្តបាត់ដំបង (ស្រុករតនៈមណ្ឌល ស្រុកបាណន់ និងស្រុកសង្កែ) ខេត្តកំពង់ធំ (ស្រុកសន្ទុក) និងខេត្តព្រះវិហារ (ស្រុករវៀង)

មានចំនួនកើនឡើងគួរឱ្យចាប់អារម្មណ៍ចាប់ទ្វេដងចាប់ពីឆ្នាំ២០១៦មក៖

 ២០១៦  គ្របដណ្តប់លើផ្ទៃដីចំនួន ១៤៦ ហិកតា

 ២០១៧ គ្របដណ្តប់លើផ្ទៃដីចំនួន ២៨៧ ហិកតា

 ២០១៨ គ្របដណ្តប់លើផ្ទៃដីចំនួន ៥៣៦ ហិកតា

 ២០១៩ គ្របដណ្តប់លើផ្ទៃដីចំនួន ៥១៩ ហិកតា និង

 ២០២០ គ្របដណ្តប់លើផ្ទៃដីចំនួន ១ ៣៩៣ ហិកតា ។

ផ្តើមចេញពីបទពិសោធន៍និងលទ្ធផលគួរជាទីមោទនរបស់កម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ពីបណ្តា អង្គការនានាមួយចំនួនក្នុងតំបន់ ជាពិសេសពីមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្រប នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ។ នាឆ្នាំ២០១៨ មជ្ឈមណ្ឌលនេះ បានសហការរៀបចំសិក្ខាសាលាថ្នាក់តំបន់នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រធានបទ ស្តីពីតួនាទីគ្រឿងយន្តកសិកម្មក្នុងការពង្រឹងភាពបន្ស៊ាំរបស់កសិករ ខ្នាតតូចដោយប្រើប្រាស់បច្ចេកទេសកសិកម្មអភិរក្សក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហើយនៅឆ្នាំ២០១៩ មជ្ឈមណ្ឌល នេះ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នៅទីក្រុងសៀមរាប ស្តីពីគ្រឿងយន្តកសិកម្មសមស្រប សម្រាប់កសិកម្មអភិរក្ស ដោយមានអ្នកចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកចំនួន១៨ប្រទេស។

ដោយមើលឃើញពីសារសំខាន់ក្នុងការបង្កើនកិច្ចសហការនិងគាំទ្រគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល បាននឹងកំពុងអនុវត្តការងារកសិម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេចលេខ ២០១ សសរ.កសក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈ កម្មការតម្រង់ទិសនិងគណៈកម្មការប្រតិបត្តិសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ដែលមាន សមាសភាពចូលរួមក្នុងគណៈកម្មការតម្រង់ទិសមកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧត្តុ និយម ក្រសួងកិច្ចការនារី និងសភាពាណិជ្ជកម្មកម្ពុជា និងសមាសភាពក្នុងគណៈកម្មការប្រតិបត្តិមកពីបណ្តា អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការជាដៃគូ។ គោលបំណងក្នុងការបង្កើតឱ្យ មានសម្ព័ន្ធកសិម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា គឺដើម្បីប្រើប្រាស់ជាវេទិការថ្នាក់ជាតិមួយ សម្រាប់ផ្តល់ ការគាំទ្រនិងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានៈ អង្គភាពស្រាវជ្រាវ គ្រឹះស្ថានអប់រំ គ្រឺះ ស្ថានហិរញ្ញវត្ថុ អ្នកផ្តល់ពូជដំណាំ សហករណ៍កសិកម្ម អ្នកផ្តល់សេវាកម្មគ្រឿងយន្តកសិកម្ម និងដៃគូអភិវឌ្ឍន៍ ។ល។ ចេះប្រាស្រ័យទាក់ទងគ្នា សហការគ្នា និងធ្វើការរួមគា្ន ដើម្បីលើកកម្ពស់កសិកម្មអភិរក្សនិងប្រពលវប្ប កម្មនិរន្តរភាពនៅកម្ពុជា តាមរយៈការស្រាវជ្រាវ ការគ្រប់គ្រងចំណេះដឹង ការសម្របសម្រួលនិងការចងក្រង បណ្តាញការងារ និងការលើកកម្ពស់កសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា។

កសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងតែបង្ហាញនូវរបៀបដាំដុះ ថ្មីមួយតាមបែបទំនើបកម្មប្រព័ន្ធដាំដុះឱ្យស្របទៅតាមការវិវឌ្ឍន៍នៃគ្រឿងយន្តកសិកម្មសមស្រប ឆ្លើយតបការប្រែ ប្រួលអាកាសធាតុនិងថែរក្សាឱនភាពដីពីការហូរច្រោះ បង្កើនទិន្នផលនិងគុណភាពដំណាំ។  កសិកម្មអភិរក្សនិង ប្រពលវប្បកម្មនិរន្តរភាព ធ្វើឱ្យមានភាពធន់កាន់តែខ្លាំងនៃប្រព័ន្ធដាំដុះទប់ទល់នឹងកត្តាចង្រៃមានជិវិតនិងគ្មានជិវិត និងអាចពង្រឹងនូវសមត្ថភាពនិងជីវភាពរបស់ប្រជាកសិករនិងសហគមន៍កាន់តែរឹងមាំឡើង ក្នុងការប្រឈមជាមួយ ផលប៉ះពាល់ពីបរិស្ថាន ពីសេដ្ឋកិច្ច និងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនិងការហូរច្រោះដី។ ទន្ទឹមនេះ ជោគ ជ័យនៃការលើកកម្ពស់គ្រឿងយន្តកសិកម្មសម្រាប់កសិកម្មអភិរក្សនៅកម្ពុជា គឺជាលទ្ធផលដ៏សំខាន់មួយក្នុងការ ឈានទៅកាន់យន្តូបនីយកម្មសមស្របក្នុងវិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបនឹងការតម្រង់ទិសនិងការយកចិត្ត ទុកដាក់ខ្ពស់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅកម្ពុជានាពេលអនាគត ដើម្បីគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមក្នុង ឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

ដោយ ៖ សិលា


ចែករំលែក៖