ភ្នំពេញ ៖ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណអភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង លោកនាយក នាយក រងរដ្ឋបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានចុះជួបសំណេះ សំណាលនិងណែ នាំ អប់រំផ្សព្វផ្សាយ ដល់ចៅសង្កាត់ ក្រុម ប្រឹក្សាភូមិ មេភូមិ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឲ្យចូលរួមសម្អាត បរិស្ថាន អនាម័យ និងចូលរួម វិធានការ ៣ការពារ៣កុំ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ហើយត្រូវដឹងពីសុខទុក្ខនិងការលំ បាករបស់បងប្អូនដែលកំពុងជួបប្រទះ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ នេះ និងផ្តល់ព័ត៌មានមកថ្នាក់លើវិញអោយបានទាន់ពេលវេលា ។
ការចុះណែនាំ និងផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើង នៅសាលាសង្កាត់ស្នោរដោយ មានការចូលរួមពីលោកចៅសង្កាត់,ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ លោក-លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក សង្កាត់និងអ្នកពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ផងដែរថា គោលបំណងដែលអាជ្ញាធរខណ្ឌចុះមកអប់រំផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងរបៀបរបបអនុវត្តន៍ការងារ ជាពិសេសការងារពង្រឹងការអនុវត្តវិធានការ ការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ។ លើសពីនេះក៏ត្រូវពង្រឹងប្រសិទ្ធិភាពការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងការងារអភិវឌ្ឍន៏ មូលដ្ឋាន ។
លើសពីនេះក៏ត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមាន ប្រសិទ្ធិភាព និងប្រសិទ្ធិផល ។ ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងមូលដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុនក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ នីមួយៗ អោយបានល្អ ។
លោកបានបញ្ជាក់ថា៖ ការងារនៅចំពោះមុខនេះ គឺការអនុវត្តនូវរាល់វិធានការនានារបស់ក្រសួងសុខាភិបាលក៏ដូចជាអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើងក្រៅពីនេះការងារចំពោះមុខមួយទៀតនោះគឺការអភិវឌ្ឍ មូលដ្ឋាន យើងជាថ្នាក់ដឹកនាំមូលដ្ឋានត្រូវបន្តជំរុញនិងយកចិត្តទុកដាក់បំផុតគឺការស្ដារកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវប្រឡាយ លូ នៅក្នុងមូលដ្ឋាននីមួយៗឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយការលិចលង់ដោយទឹកជំនន់ក្នុងរដូវវស្សានេះ ។ បន្ថែមពីនេះទៅទៀតលោកលោកស្រីក៏មិនត្រូវភ្លេចពីការកៀងគរប្រមែប្រមូលកម្លាំងសមាជិករបស់យើងនៅក្នុងមូលដ្ឋាន ដោយថែរក្សាកម្លាំងចាស់ ពង្រីកកម្លាំងថ្មីតាមរយៈស្រទាប់យុវជនឲ្យបានច្រើនកុះករថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យថែមទៀតនូវការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការ បោះឆ្នោតសកលនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍ ៣ការពារ ៣កុំ ដោយ ប្រើឧបករណ៍ វាស់កំដៅ ការអង្គុយរក្សាគម្លាត ពាក់ម៉ាស់ និងមានអាល់កុលលាងសម្អាតដៃ និងសាប៊ូជាប្រចាំតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៕
ដោយ ៖ សំរិត