ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៦ ដល់ទី១៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី១៤ ដល់ទី១៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី១៨ ដល់ទី១៩ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ ករណីទី២០ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម និងស្រុកជីក្រែង ករណីទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ជាមួយគ្នានេះ ករណីទី២៣ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន និងករណីទី២៤ ដល់ទី៤៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
អ្នកជាសះស្បើយទាំង២៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ឆេង លួម ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី និងបានស្លាប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣២០នាក់ បានព្យាបាលជាសះស្បើយចំនួន៥១២នាក់ ស្លាប់១៤នាក់ និង៧៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ ៖ សិលា