ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះវិហារ សម្រេចបិទខ្ទប់ភូមិចំនួន០៣ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្តជាបណ្តោះអាសន្ន ក្រោយរកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ សម្រេច ៖

ប្រការ១…ត្រូវបានបិទខ្ទប់ភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជា តំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នរយៈពេល ២(ពីរ)សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀតរហូតដល់មានការចេញសេចក្ដីសម្រេចសារ ជាថ្មី។

ប្រការ២…ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូល លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម –ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩តាមការកំណត់ និងនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

 –ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព

–ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

–ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖

–ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធរដោយផ្ទាល់ ឬដោយ ប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

–ការជួបជុំរបស់អាជ្ញាធរសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ 

–ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ ម៉ាស់ និងការរក្សាតម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការ វាស់កម្ដៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ប្រការ៤.. ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែករណីចាំបាច់ដូចខាងក្រោម ៖

–សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់សេវា សាធារណៈចាំបាច់រួមមានៈ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសម្រាម សំណល់រឹង

–រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលដំណើរការតាមប្រព័ន្ធអនឡាញ

–សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថ

–ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាតម្រូវការចាំបាច់ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ថានីយ៍ប្រេង ឥន្ធនៈ សេវាប្រៃសណីយ៍ ហាងលក់ទំនិញ ផ្សារម៉ាត ភោជនីយដ្ឋាន និងអាហារដ្ឋាន ប៉ុន្តែត្រូវកាត់ បន្ថយចំនួនបុគ្គលិកបម្រើការងារឲ្យនៅត្រឹមកម្រិតអប្បបរមា

–សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់

–សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

ប្រការ៥…រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការ វាស់កម្ដៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ត្រូវបានប្រគល់ភារកិច្ចជូនស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការ សឹករងព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិ សាស្ត្រដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់រួមមាន ៖

–ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ 

–សម្របសម្រួលដល់ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការវ៉ាក់សាំង របស់មន្ត្រីសុខាភិបាលជាដើម

–ការងារទាក់ទងទៅនឹងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ 

–ការងារផ្តល់សេវាសុខាភិបាលទូទៅក្នុងភូមិសាស្ត្រ

ប្រការ៦…បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ ប្រការ៤ និងប្រការ៥ ខាងលើត្រូវទទួលទោសដូចមានចែងក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន។

ប្រការ៧… នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុកជាំក្សាន្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖