ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅល្ងាចថ្ងៃសៅរ៍ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោក អ៊ុច ហ៊ាន ស្នាក់នៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាស្រុកពាមជរ បានទទួលមរណៈភាពនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេររបស់លោកអភិបាលខេត្ត បានបញ្ជាក់ថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក អ៊ុច ហ៊ាន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏អំពាវនាវសូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការដូចជា៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា តាមការណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖សហការី