ព័ត៌មានទាន់ហេតុការណ៍៖

មិនខ្វល់ពីកូវីដ-១៩ ពលករកូរ៉េខាងត្បូងរាប់ពាន់នាក់ធ្វើបាតុកម្ម

ចែករំលែក៖

នៅថ្ងៃទី ៣ខែកក្កដា ពលករកូរ៉េខាងត្បូងប្រមាណជិត១ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល ដោយមិនខ្វល់ពីការព្រមានពីការឆ្លងកូវីដ-១៩ ផ្ទុះឡើងជាថ្មីនោះទេ ។
ក្រុមសហជីពកម្មករបានឡើងគម្រោងធ្វើបាតុកម្មនៅក្នុងតំបន់ Yeouido ភាគខាងលិចទីក្រុងសេអ៊ូល ។ ប៉ុន្តែក្រុមបាតុករបានផ្លាស់ប្តូរទីតាំង ដោយសារតែការបិទផ្លូវពីមន្ត្រីនៅក្នុងតំបន់ ។
ក្រុមបាតុករដង្ហែក្បួននៅក្នុងស្រុក Jongno ចាប់ពីម៉ោង២រសៀល ទាមទារឲ្យរដ្ឋាភិបាលផ្លាស់ប្តូរច្បាប់ការងារ ក្នុងនោះស្នើឲ្យឈប់កាត់បន្ថយការងារធ្វើ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។
អ្នកចូលរួមធ្វើបាតុកម្ម គឺបានពាក់ម៉ាស់ការពារទាំងអស់ ប៉ុន្តែមិនអនុវត្តគម្លាតសង្គមឡើយ។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីអំពើហិង្សាពាក់ព័ន្ធនឹងការធ្វើបាតុកម្មនោះឡើយ។
កាលពីថ្ងៃទី២ខែកក្កដា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo Kyum បានប្រកាសជំរុញឲ្យក្រុមសហជីពកម្មករលុបគម្រោងធ្វើបាតុកម្ម ដោយសារតែស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសនេះកើនឡើងខ្ពស់។
គិតត្រឹមថ្ងៃទី៣ខែកក្កដា កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ -១៩សរុប ១៥៩ ពាន់នាក់ និងស្លាប់ជាង ២ពាន់នាក់ ។ ចំនួនអ្នកឆ្លងថ្មី ក្នុងពេល២៤ម៉ោង នៅថ្ងៃទី ២ខែកក្កដា មាន៧៩៣នាក់ ៕

ដោយ៖ ធីរីណា( រូបភាព៖Yonhap)


ចែករំលែក៖