រដ្ឋាភិបាលហ្វុីលីពីនបានជម្លៀសពលរដ្ឋរាប់សិបពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាពក្រោយការផ្ទុះភ្នំភ្លើង Taal កើនឡើងកម្រិតទី៣។
វិទ្យាស្ថានភ្នំភ្លើងនិងវិទ្យាសាស្រ្តហ្វុីលីពីន បានប្រកាសថា ភ្នំភ្លើង Taal បានព្រួសកង្អែ Magma ពណ៌ខ្មៅកម្ពស់ជាង ១០០០ម៉ែត្រ ហើយនៅក្នុងកង្អែនោះគេបានរកឃើញសារធាតុ sulfur dioxide កម្រិតខ្ពស់ ជាមធ្យមមានដល់ទៅ ១៣.២៨៧ តោនក្នុងមួយថ្ងៃ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក វិទ្យាស្ថានភ្នំភ្លើងបានកត់សម្គាល់ឃើញការរញ្ជួយដីដល់ទៅ ២៩លើក កម្រិតស្រាលបង្កឡើងដោយការផ្ទុះភ្នំភ្លើង ។ ការព្រមានពីគ្រោះថ្នាក់ដោយភ្នំភ្លើងនេះកើនឡើងដល់កម្រិតទី៣ហើយ ក្នុងចំណោម៥កម្រិត ។ ភ្នំភ្លើងអាចបន្តព្រួសកង្អែជាច្រើនសប្តាហ៍ខាងមុខទៀត។ មន្ត្រីក្នុងតំបន់បានស្នើដល់ពលរដ្ឋជម្លៀសខ្លួនឲ្យឆ្ងាយចេញពីតំបន់ភ្នំភ្លើង ដែលមានសារធាតុគ្រោះថ្នាក់ដល់សុខភាព។ ពលរដ្ឋនៅក្នុងស្រុក Agnocillo និង Laurel រងផលប៉ះពាល់ខ្លាំងជាងគេ។
គណៈកម្មការគ្រប់គ្រងនិងកាត់បន្ថយគ្រោះថ្នាក់ដោយគ្រោះធម្មជាតិហ្វុីលីពីនបានឱ្យដឹងថា នៅថ្ងៃនេះ មានពលរដ្ឋជាង១៤០០០ នាក់បានជម្លៀសចេញពីតំបន់នៅជិតភ្នំភ្លើង Taal ។ ទីតាំងដែលពលរដ្ឋភៀសខ្លួនចេញពីភ្នំភ្លើងក៏ត្រូវអនុវត្តគម្លាតទប់ស្កាត់ការឆ្លងកូវីដ-១៩ ផងដែរ ។
ភ្នំភ្លើង Taal គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលធ្វើសកម្មភាពខ្លាំងបំផុតក្នុងប្រទេសហ្វុីលីពីន។ កាលពីខែមករាឆ្នាំ ២០២០ ភ្នាំភ្លើងTaal ក៏បានកម្រើកខ្លួនព្រួសកង្អែជាថ្មី ក្រោយសម្ងំស្ងៀមតាំងពីឆ្នាំ១៩៧៧មក។ ការព្រួសកង្អែភ្នំភ្លើងTaal តាំងពីមុនមកបានសម្លាប់មនុស្ស ជិត ៦០០០នាក់ហើយ៕

ដោយ៖ធីរីណា(រូបភាព៖CNN+TTXVN)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច