ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តធុនធំថយចេញពីឃ្លាំង កាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1O -9761 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំបេីកថយចេញពីឃ្លាំងតែគ្មានអ្នកមើលខាងក្រោយធ្វើឱ្យជនរងគ្រោះដែលជិះម៉ូតូបុកចំកន្ទុយរថយន្តកៀបជាប់ម៉ូតូនៅក្រោមរថយន្តនិងអ្នកជិះម៉ូតូរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះដល់កន្លែងកើតហេតុនិងសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ