ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំបុកជាមួយរថយន្តដឹកដីស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់បំផុតមួយបណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗដែលកើតឡើងដោយសារម៉ូតូបុកជាមួយរថយន្តដឹកដីបើកបញ្រ្ចាសទិសគ្នាពេញទំហឹងបង្កឱ្យមានសោកនាដកម្មកើតឡើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិពោន ឃុំសង្កែ ស្រុករំដួល។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះពៅ រ៉ាន់  អាយុ ៣៥ឆ្នាំ រស់នៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1N.5190។

ចំណែកអ្នកបើករថយន្តដឹកដីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗបន្សល់ទុករថយន្តនៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១N.៥១៩០នៅចំណុចលើផ្លូវជាតិលេខ ១៣ដោយមិនប្រកាន់ស្ដាំស្រាប់តែទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ(បែនដឹកដី)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង ៣A-៣១០៥ក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់និងបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖