ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពជួញដូរប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះគឺធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារថ្មីចុងកោះ ស្ថិតភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាន ១.ឈ្មោះ នាង សុខចាន់ភេទប្រុស អាយុ២៥ឆ្នាំមុខរបរកម្មករ រស់នៅភូមិទី៧សង្កាត់ខ្សាមក្រុង/ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះសៅ ស៊ីង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។៣.ឈ្មោះ សូត្រ (សូត្រអូន) ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរ កម្មករ រស់នៅភូមិទី៧សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង និង ៤.ឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរ កម្មកររស់នៅភូមិទី៦សង្កាត់ខ្សាមក្រុង/ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន០៥កញ្ចប់ និង ទូរស័ព្ទដៃចំនួន០១គ្រឿង ដាវមួយដើម ឧបករណ៍វេចខ្ចប់និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចតាមប្រមាញ់យូរមកហើយ ។ រហូតដល់ថ្ងៃឃាត់ខ្លួន ក្រុមជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាព ចែកចាយ ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិសាស្រ្តសង្កាត់ខ្សាម ក៏ត្រូវបានកម្លាំងសមត្ថកិច្ចក្តាប់ព័ត៌មានបាន ព័ទ្ធចាប់បានតែម្តង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ចន្ថា