ព័ត៌មានទាន់ហេតុការណ៍៖

Western Digital នឹងមិនធ្វើការកែតម្រូវភាពចន្លោះប្រហោងដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ My Cloud OS3

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា ,កាលពីសប្តាហ៍មុននាយកដ្ឋានបានផ្សព្វផ្សាយរួចមកហើយទាក់ទងទៅនឹងបញ្ហា ដែលអាចឱ្យជនខិលខូចលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានសន្សំទុកជាច្រើនឆ្នាំមកហើយនោះពីក្នុងឧបករណ៍ Western Digital My Book Live។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ក្នុងពេលនេះក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីភាពចន្លោះប្រហោងមួយទៀតជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ My Cloud OS3 របស់ក្រុមហ៊ុន Western Digital ដែលកំពុងតែត្រូវបានប្រើជាមួយនឹងឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុននេះ។ ភាពចន្លោះប្រហោងនេះអាចឱ្យជនខិលខូចធ្វើការផ្លាស់ប្ដូរការកំណត់ពីចម្ងាយដែលអាចឱ្យពួកគេចូលទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យទាំងអស់នេះបាន។

ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺក្រុមហ៊ុនពុំមានគម្រោងធ្វើការកែសម្រួលភាពចន្លោះប្រហោងនេះទេ។ ក្រុមហ៊ុនគ្រាន់តែបានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពឧបករណ៍ជាមួយនឹងកម្មវិធី My Cloud OS ជំនាន់ទី 5 ប្រសិនបើឧបករណ៍របស់ពួកគេអាចបញ្ចូលកម្មវិធីថ្មីនេះ។

ប្រសិនបើឧបករណ៍របស់លោកអ្នកមិនអាចទទួលបានការធ្វើបច្ចុប្បន្នទៀតនោះ លោកអ្នកអាចបញ្ចូលកម្មវិធីរបស់ក្រុមអ្នកស្រាវជ្រាវដើម្បីធ្វើការកែតម្រូវភាពចន្លោះប្រហោងនេះ ប៉ុន្តែប្រសិនបើលោកអ្នកបានបិទបើកឧបករណ៍ វាតម្រូវឱ្យបញ្ចូលកម្មវិធីនេះឡើងវិញ។

ដូច្នេះប្រសិនបើលោកអ្នកកំពុងតែប្រើឧបករណ៍ My Cloud NAS ដែលមានប្រព័ន្ធប្រតិបត្តិការ My Cloud OS3 លោកអ្នកគួរតែឈប់ភ្ជាប់វាទៅនឹងអុីនធឺណិត ដើម្បីចៀសវាងការលួចយកទិន្នន័យពីជនខិលខូច៕

ដោយ ៖ សិលា


ចែករំលែក៖