ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃឃាត់ខ្លួនកម្មករសំណង់ខ្មែរ ២០នាក់ ក្រោយដឹងថាគ្មានឯកសារស្របច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ ធ្វើការងារនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ២០នាក់ ត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។

សមត្ថកិច្ចថៃអះអាងថាដោយអនុវត្តតាមបទបញ្ជារបស់ លោកអភិបាលខេត្តស្រះកែវ ឲ្យធ្វើការត្រួតពិនិត្យ នៅតាមកន្លែងប្រកបអាជីវកម្មផ្សេងៗ និងកន្លែងធ្វើការ របស់ពលករបរទេស ទើបអាជ្ញាធរខេត្តស្រះកែវ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យនៅបរិវេណការដ្ឋានសាងសង់អគារធ្វើការ និងអគារស្នាក់នៅ ក្នុងខេត្តស្រះកែវ ។  ប្រតិបត្តិការ ចុះត្រួតពិនិត្យនេះ អាជ្ញាធរថៃ បានរកឃើញពលករខ្មែរប្រុស ស្រី ចំនួន២០នាក់ កំពុងធ្វើការងារសំណង់ក៏សុំត្រួតពិនិត្យឯកសារសម្គាល់ខ្លួន និងឯកសារអនុញ្ញាតឲ្យធ្វើការ ហើយបានពិនិត្យរកឃើញថា ពលករខ្មែរទាំង២០នាក់ មិនមានលិខិតអនុញ្ញាតត្រឹមត្រូវធ្វើការនៅទីនោះឡើយ។​

ក្រោយពីសមត្ថកិច្ចថៃ ធ្វើការសួរនាំតំណាងពលករខ្មែរម្នាក់ឈ្មោះ ភឿ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានឲ្យដឹងថា ខ្លួននិងមិត្តភក្តិផ្សេងៗទៀត មកធ្វើការងារក្នុងប្រទសថៃ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ដោយមិនបានចេញទៅណាឡើយ។ បន្ទាប់មកសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរប្រុស ស្រី ទាំង២០នាក់ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់ ។

យ៉ាងណាដំណឹងនេះបានឮដល់ភាគីកម្ពុជាប្រចាំព្រំដែននៃខេត្តបន្ទាយមានជ័យកំពុងទំនាក់ទំនងអន្តរាគមន៍ទៅសមត្ថកិច្ចថៃដើម្បីសុំធ្វើការដោះលែងកម្មករសំណង់ទាំង២០នាក់នេះហើយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖