ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី​ ខណ្ឌដង្កោ​ ផ្អេីលដល់ពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​ ៖​ មានអគ្គិភ័យមួយបានឆាបឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី​អស់ចំនួន១តូបទាំងស្រុង​កាលពីវេលាម៉ោង១១​និង៤០នាទីយប់ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​២០២១​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្សារបុរីពិភពថ្មី​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចេញមកធ្វើអន្តរាគមន៍ជួយយកបំពង់ពន្លត់អគ្គិភ័យនិងទឹកមកបាញ់និងជះពន្លត់​យ៉ាងសស្រាក់សស្រាំ ។ 

    តាមប្រភពព័ត៌មានពីសន្ដិសុខបុរីពិភពថ្មី​ខាងលេីបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងកេីតហេតុ​ ហេីយបានក្រឡេកឃេីញមានផ្សែងហុយចេញពីក្នុងផ្សារ​ទេីបមានការស្រែកផ្អើលឆោឡោដល់អ្នកជិតខាង​ជាច្រេីននាក់ និងកងសន្តិសុខក្នុងបុរី​នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ​និងធុងស្ប៉េត្រូ​ដាក់ទឹកមកជះ​និងបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជេីង​ ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ​ ។ 

    ក្នុងករណីអគ្គិភ័យនេះ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ និងសន្តិសុខ​សហការគ្នាពន្លត់ប្រេីពេលមិនដល់កន្លះម៉ោងផង​ក៏រលត់ទៅវិញជាស្ថាពរ​ ខណៈរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានមកដល់​ដែរ​ តែមិនបានប្រេីប្រាស់ឡេីយ​ ។ ចំពោះការខូចខាតវិញគឺត្រូវបានអគ្គិភ័យឆាបឆេះអស់តូបលក់ខោអាវចំនួន០១​ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ​ ។ បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ចអំពីមូលហេតុនៃការឆាបឆេះនេះ​ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖