ខេត្តបន្ទាយមានជ័យ ៖ មកដល់ពេលនេះសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យកំពុងតាមប្រមាញ់ចាប់ជនសង្ស័យញៀនថ្នាំម្នាក់ដែលយកកាំបិតខ្វែវកាប់ស្រី្តម្នាក់កំពុងអង្គុយស្លទឹកសម្លនំបញ្ចុកបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿង សៃនាវ ភេទស្រីអាយុ៥៨ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ ។ រីឯជនដៃដល់ឈ្មោះស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ជាមួយជនរងគ្រោះ ជាមនុស្សញៀនថ្នាំ ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយធ្វើទឹកសម្លនំបញ្ចុកហូបជាលក្ខណៈគ្រួសារ។ នៅពេលនោះមានបងប្អូនក្នុងភូមិ៤ទៅ៥នាក់ មកជួយចិតបន្លែធ្វើល្បោយនំបញ្ចុក នៅក្រោមផ្ទះយ៉ាងសប្បាយរីករាយ។មួយសន្ទុះស្រាប់តែលេចមុខឈ្មោះ ស្វឿង ប៉ុង (ញៀនថ្នាំ) បានកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នកដែលកំពុងធ្វើទឹកសម្លនំនិងចិតបន្លែដោយពុំដឹងមូលហេតុធ្វើឲ្យអ្នកទាំងនោះរត់ចែកជើងគ្នា ។ គ្រានោះចៃដន្យស្ត្រីរងគ្រោះបានរត់ទៅជាន់ដុំដីក្រឡាច់ជើងបណ្តាលឲ្យដួល ហើយក៏ត្រូវជនញៀនថ្នាំតាមទាន់កាប់ត្រូវជាច្រើនកាំបិត ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ តែដោយរបួសធ្ងន់ធ្ងរពេកក្រុមគ្រួសារ បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីដើម្បីព្យាបាលបន្ត ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនដោយយកកាំបិតខ្វែវទៅជាមួយ ហើយមកដល់ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមប្រមាញ់ចាប់ជនសង្ស័យរូបនេះយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
ដោយ ៖ ប្រាថ្នា