ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខបាញ់ប្រហារទៅលើប្តីប្រពន្ធ២នាក់បណ្ដាលឲ្យស្លាប់ប្រពន្ធរីឯប្តីរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្តីប្រពន្ធ២នាក់ ខណៈកំពុងដេកនៅរោងចាំទា ត្រូវជនមិនស្គាល់មុខបាញ់ប្រហារចំនួន១០គ្រាប់ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់គួរឲ្យរន្ធត់ រីឯប្តីរងរបួសធ្ងន់។ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅចំណុចរោងចាំទាស្ថិតនៅព្រែកដូនឯម ក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ សុន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរ ចិញ្ចឹមទា(ស្លាប់នៅនឹងកន្លែងកើតហេតុ)(ធ្វើសំណាករកមេរោគកូវីដ-១៩ វិជ្ជមាន)និងទី២.ឈ្មោះ យឹម គឹមហុក ភេទប្រុស​ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា (របួសធ្ងន់)។ ជនរងគ្រោះទាំង២នាក់ខាងលើត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ សំបកគ្រាប់កាំភ្លើងខ្លីចំនួន១០គ្រាប់។

     ប្រភព​ដដែលបន្តថា នៅថ្ងៃទី០៤ខែកក្កដា​ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧​ឆ្នាំ​ ជិះម៉ូតូឌុបមកដេកនៅរោងចាំទារាល់យប់  លុះមកដល់ម៉ោងប្រហែល១រំលងអធ្រាត្រ ស្រាប់តែមានជនមិនស្គាល់មុខប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានបាញ់ប្រហារទៅលើជនងរងគ្រោះទាំង២នាក់បណ្តាលឲ្យស្លាប់ប្រពន្ធ និងប្តីរបួស់ធ្ងន់។លុះព្រឹកឡើងថ្ងៃទី០៥ខែឆ្នាំដដែល វេលាម៉ោង៥និង៣០នាទី ឈ្មោះ ហុក ភូណាន់ ជាកូនបានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសធ្ងន់ ភ្លាមនោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍តែម្ដង។

   ក្រោយពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធនិងបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងសង្ក័សីចំនួន០២កន្លែងផងដែរ ។

   ករ​ណីខាងលើនេះ​ គឺជាអំពើឃាតកម្ម។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីស្រាវជ្រាវរកមុខជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖