ប្រធានាធិបតីអាមេរិក លោក បៃឌិន នៅថ្ងៃទី៤ខែកក្កដា (ពេលវេលាអាមេរិក)បានប្រារព្ធទិវាឯករាជ្យ លើកទី ២៤៥ ដោយបានបើកទ្វារសេតវិមាន រៀបចំពិធីជប់លៀងដ៏ធំ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិក បំពេញភារកិច្ចរបស់ខ្លួនដើម្បីបញ្ចប់កូវីដ-១៩ ជារៀងរហូត «គឺការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា»។
ប្រធានាធិបតីបៃឌិន បានថ្លែងសុន្ទរកថានៅសេតវិមានដោយមាន ពលរដ្ឋប្រមាណ១ពាន់នាក់ចូលរួម ក្នុងនោះក៏មានគ្រួសារជនរងគ្រោះដោយសង្គ្រាមកូវីដ-១៩ផងដែរ។ លោកបៃឌិនបានបញ្ជាក់ថា «នៅថ្ងៃទី៤ខែកក្កដាឆ្នាំនេះ គឺជាទិវាឯករាជ្យពិសេស ដោយយើងបានខិតខំឆ្លងចេញពីភពងងឹត ដោយសារកូវីដ-១៩ និងការឈឺចាប់ ដោយការបាត់បង់ ។
នេះជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅសេតវិមាន ចាប់តាំងពីលោកបៃឌិនឡើងកាន់អំណាចដឹកនាំអាមេរិក នៅថ្ងៃទី ២០ខែមករាឆ្នាំ២០២១មក។ ក្នុងពិធីនោះមានការបាញ់កាំជ្រួចភ្ញីភ្លើង ដែលជាសញ្ញានៃការវិលត្រឡប់មកកាន់ជីវិតល្អប្រសើរវិញ ក្រោយកូវីដ-១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកដល់ទៅជាង៦សែននាក់ ។
ប្រធានាធិបតីបៃឌិន បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺជាវិធានការតែមួយគត់ដែលអាចទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី។
លោកបន្តទៀតថា ពេលនេះយើងមិនទាន់ឈានដល់គោលដៅនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន៧០%សម្រាប់មនុស្សពេញវ័យនៅឡើយទេ។ ការចាក់វ៉ាក់សាំងយឺតយ៉ាវដោយសារតែមនុស្សមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ។
តាមរូបភាពនៅក្នុងទិវាឯករាជ្យ ពលរដ្ឋអាមេរិកមិនមានការបារម្ភខ្លាចឆ្លងកូវីដ-១៩ដូចពេលមុនឡើយ ដោយពលរដ្ឋអង្គុយជុំគ្នារីករាយដូចមិនដែលមានកូវីដ-១៩កើតឡើងនោះឡើយ៕
ដោយ៖ ធីរីណា