ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាលនៅតាមផ្ទះ នេះមានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជំងឺជាច្រើនលើសលុប ចង់ឱ្យមានការព្យាបាលតាមផ្ទះនេះ ។
កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ កក្កដាឆ្នាំ២០២១ តាមរយៈ Video Conference ក្រោមវត្តមានលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោក ង៉ូវ កាង អនុរដ្ឋលេខា ធិការ ក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ។
លោក ង៉ូវ កាង បានមានប្រសាសន៍លើកឡើងថា យើងបានឃើញថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជម្ងឺ ។
ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការព្យាបាលជម្ងឺនៅតាមផ្ទះនេះ ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ។
អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តTYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយ ដោយជំងឺកូវីដ-១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ៖ការបន្តកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សា ឱ្យស៊ីសង្វាក់គ្នារវាងអាជ្ញាធរជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តការជូនពួកគាត់បែបណា ដែលអាចឱ្យពួកគាត់ទទួលយកបាន។ ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនិងបន្តយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុកការងារនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជនបានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរផងដែរ។
សូមបញ្ជាក់ថា ៖ ការរៀបចំឱ្យមានការ ព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង៣០០ នាក់ហើយដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕
ដោយ ៖ សំរិត