ព័ត៌មានទាន់ហេតុការណ៍៖

ករណីទី២១មិនធម្មតាឡើយ! ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរ៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ

ចែករំលែក៖

     ខេត្តស្វាយរៀង៖ ពិតជាមិនធម្មតាឡើយនេះជាករណី២១ហើយដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរចំនួន៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។

  យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤និង១០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-១៩ )មានអាសយដ្ឋាននៅភូមិបឹងរៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទម្ងន់២.៨គីឡូក្រាម។

  ប្រភពបន្តថា កាលពីថ្ងៃអាទិត្យ ១០រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាសយដ្ឋាននៅភូមិព្រៃរំដេង  ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័ក ដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ២គីឡូក្រាម និងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤ទៀបភ្លឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងក៏បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ទៀតដែលវិជ្ជមានកូវីដ-១៩ មានអាសយដ្ឋាននៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទម្ងន់ ៣ គីឡូក្រាម។

  ជាមួយគ្នានេះក្រុមគ្រូពេទ្យសូមឱ្យបងប្អូនប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។

  ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនទាំង៣នាក់នេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖