ខេត្តស្ទឹងត្រែង៖ បើទោះមិនទាន់បើកឱ្យដំណើរការឡើងវិញនៅទីតាំងផ្សារសាមគ្គីយ៉ាងណាក្តីដោយស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅខេត្តស្ទឹងត្រែងមិនទាន់ធូរស្រាលទៅរកសភាពដើមនៅឡើយទេ ។នេះបើគិតរហូតមកទល់នឹងព្រឹកថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២១ ហើយជាមួយគ្នានោះ ទីតាំងពាណិជ្ជកម្មដ៏សំខាន់ៗកណ្ដាលបេះដូងក្រុងស្ទឹងត្រែង គឺផ្សារសាមគ្គីត្រូវបានបិទមិនឱ្យលក់ដូរអស់រយៈពេលជាច្រើនថ្ងៃមក ក៏ប៉ុន្តែអាជ្ញាធរអនុញ្ញាតឲ្យមានអ្នកលក់ដូរតាមផ្លូវទីសាធារណៈជុំវិញផ្សារស្ទឹងត្រែងតែតម្រូវឱ្យរក្សាគម្លាតពីគ្នា។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គង់ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដាថាអ្នកលក់ដូរតាមទីសាធារណៈជុំវិញផ្សារស្ទឹងត្រែងអនុញ្ញាតឲ្យលក់តែត្រូវរក្សាគម្លាតពីគ្នា និងមានការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ។ ដោយឡែកផ្សារសាមគ្គីទាំងស្រុងមិនទាន់បើកឲ្យដំណើរការលក់ដូរវិញនៅឡើយទេ។
គួរបញ្ជាក់ថារដ្ឋបាលខេត្តស្ទឹងត្រែងក៏បានចេញសេចក្តីជូនដំណឹងថាត្រឹមល្ងាចថ្ងៃទី៤ ខែកក្កដា អ្នកឆ្លងកូវីដ-១៩នៅខេត្តស្ទឹងត្រែងមានចំនួន ១៧ នាក់ក្នុងនោះមានពីរនាក់បានជាសះស្បើយ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចកុំប្រហែសឲ្យសោះស្តាប់តាមការណែរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីអាយុជីវិតរបស់យើងគ្រប់គ្នា៕ដោយ៖ អរុណរះ