ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រជុំបូកសរុបការងារឆមាសទី១និងលើកទិសដៅឆមាសទី២កងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរ ភូមិន្ទ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានផ្តល់ប្រសាសន៍សំខាន់ៗដូចខាងក្រោម

១. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទោះជាក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២១ នេះតែម្តង គឺនៅក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលយើងកំពុងមានការប្រឈមខ្លាំង។ ក្នុងនេះ ទោះបីមានសកម្មភាពមួយចំនួនយើងមិនអាចអនុវត្តបាន ប៉ុន្តែលចំពោះទ្ធផលការងារជារួម គឺយើងនៅតែអាចរក្សាបាននូវប្រតិបត្តិការជាធម្មតា, ការត្រៀមលក្ខណៈរៀបរយក្នុងការបំពេញភារកិច្ច និងការចូលរួមនៅក្នុងកិច្ចការនានាទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយយើងបានខិតខំប្រឹងប្រែងសម្រេចបានគួរជាទីមោទនៈ ជាពិសេសនៅក្នុងការងារគ្រប់ភារកិច្ចសំខាន់ៗចាំបាច់ចំពោះមុខ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

២. ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ និងជាប្រធានគណៈកម្មការធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេល ០២ ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានជូនប្រជាពលរដ្ឋ រួមមានការដាក់ឱ្យដំណើរការយន្តការជំនួយសង្គមសម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។

៣. ពាក់ព័ន្ធនឹងការងារលើកកម្ពស់សុខមាលភាពរបស់កងទ័ព ជាពិសេសការការពារជំងឺកូវីដ-១៩ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានខិតខំអនុវត្តវិធានសុខាភិបាលក្នុងការគ្រប់គ្រងកម្លាំងក្នុងរយៈកាលកន្លងមកនេះ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តរឹតបន្តឹងការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារខ្លួននៅក្នុងជួរទ័ព, គ្រួសារទ័ព និងសហគមន៍។ 

៤. ជាទិសដៅការងារបន្តចំពោះមុខ ឆ្លើយតបនឹងបទបញ្ជាជាយុទ្ធសាស្ត្រថ្មីៗរបស់ សម្តេចតេជោ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិលើកិច្ចការនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានសម្រេចដាក់ចេញនូវគោលការណ៍ភារកិច្ចជាក់ស្តែងមួយចំនួន ដូចខាងក្រោម៖

– កម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។

– អង្គភាពទាំងអស់ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។

– ត្រូវប្រុងប្រៀបរៀបចំធ្វើតេស្តដល់យោធិននៅតាមបណ្តាអង្គភាព ដោយយកចិត្តទុកដាក់ជាពិសេសដល់កម្លាំងទាំងអស់ដែលចេញប្រតិបត្តិការតាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។

– បន្តភារកិច្ចដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំងដើម្បីចូលរួមអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួមក្នុងការការពារ និងរក្សាសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួការបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូនពលករត្រលប់មកពីបរទេស។

– បន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមផែនការរបស់រាជរដ្ឋាភិបាល ៕

ដោយ៖ សូរិយា


ចែករំលែក៖