ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! ព្រឹកស្អែកវ៉ាក់សាំងការពារកូវីដ-១៩ សុីណូហ្វាមចំនួន១លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិននឹងដឹកមកដល់កម្ពុជាបន្ថែមទៀត !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៦ខែ កក្កដា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ 

សូមជម្រាបជូនថា, កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

គួររំលឹកថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៥៣៥,៨៩៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៥.៣៦%។

មកដល់ត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៥,១៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៧,៣៨៦នាក់ និងស្លាប់សរុបចំនួន ៧៤៨នាក់។ 

ដោយឡែក នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)៕

ដោយ ៖ សិលា


ចែករំលែក៖