គណៈកម្មការសន្តិសុខជាតិ Tajikistan បានប្រកាសឱ្យដឹងថា មានទាហានអាហ្វហ្គានីស្ថានជិត១ពាន់នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងនៅព្រឹកថ្ងៃទី៥ខែកក្កដា ក្រោយប៉ះទង្គិចគ្នាជាមួយក្រុមតាលីបង់។
កម្លាំងទាហានអាមេរិកនិងទាហានអន្តរជាតិបានដកចេញពីអាហ្វហ្គានីស្ថានទាំងអស់ ទាំងនោះហើយបានធ្វើឱ្យក្រុមតាលីបង់បើកការវាយប្រហារជាច្រើនកន្លែងនៅតំបន់ភាគខាងជើងប្រទេសប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រុមតាលីបង់បានបើកផ្លូវទៅកាន់ប្រទេស Tajikistan តាំងពីចុងខែមិថុនា ។
នៅថ្ងៃទី៥ខែកក្កដា គណៈកម្មការសន្តិសុខជាតិ Tajikistan បានប្រកាសថា មានទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានដល់ទៅ ១០៣៧នាក់បានភៀសខ្លួនទៅកាន់ប្រទេសនេះ ដើម្បីរក្សាជីវិត ក្រោយប៉ះទង្គិចគ្នាពេញមួយយប់។
តាំងពីពាក់កណ្តាលខែមេសាមក ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសថា បានបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ភ្លាមៗនោះក្រមតាលីបង់បានបើកការវាយប្រហារទៅលើទីតាំងជាច្រើននៅតំបន់ភាគខាងជើង ប្រទេសនេះ ។ បច្ចុប្បន្នក្រុមតាលីបង់បានគ្រប់គ្រង១/៣ ក្នុងចំណោម៤២១ស្រុកក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Mohib-ul Rahman សមាជិកគណកម្មការខេត្ត Badakhshan បានឱ្យដឹងថា ក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើនដោយមិនចាំបាច់ធ្វើសង្គ្រាមនាពេលកន្លងមកថ្មីៗនេះ។ លោកបន្តទៀតថា មូលហេតុដោយសារតែទាហាន អាហ្វហ្គានីស្ថានមានចំនួនតិចជាងក្រុមតាលីបង់ ហើយមិនមានកម្លាំងជំនួយពីក្រោយទៀត។ ទាំងនោះហើយបានធ្វើឲ្យក្រុមទាហានរដ្ឋាភិបាលបោះបង់ទីតាំង ដោយសារតែមិនទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ហើយប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បើប្រឆាំងជាមួយក្រុមតាលីបង់៕
ដោយ៖ ធីរីណា(រូបភាព៖AP)