ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែដឹងថាប៉ះជាមួយអ្នកវិជ្ជមានកូវីដ-១៩ភ្លាម នាយករដ្ឋមន្ត្រីថៃត្រូវធ្វើចត្តាឡីស័កបើទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា ត្រូវធ្វើចត្តាឡីស័ករយៈពេល១សប្តាហ៍នៅក្នុងផ្ទះក្រោយពីប៉ះពាល់ជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ។
សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ខែកក្កដា បានផ្សាយថា នាយករដ្ឋមន្ត្រីបានប៉ះពាល់ជាមួយមនុស្ស ដែលក្រោយមកធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។ ការប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩នេះនៅក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចូលរួមព្រឹត្តិការណ៍បើកទ្វារតំបន់ទេសចរណ៍នៅភូកេតឡើងវិញ។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធគឺបានចាក់វ៉ាក់សាំងរួចរាល់ពីរដូសហើយរបស់ក្រុមហ៊ុន AstraZeneca។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រាយុទ្ធនៅតែបន្តធ្វើការធម្មតា បើទោះបីត្រូវធ្វើចត្តាឡីស័កក៏ដោយ។ លោកបន្តទៀតថា មកទល់ពេលនេះ នាយករដ្ឋមន្ត្រីបានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ប៉ុន្តែលោកនឹងត្រូវធ្វើតេស្តជាថ្មីនៅពេលខាងមុខ។
នាយករដ្ឋមន្ត្រីបានចូលរួមព្រឹត្តិការណ៍បើកទ្វារទេសចរណ៍ភូកេត នៅថ្ងៃទី១ខែកក្កដា ហើយបុគ្គលដែលលោកប៉ះពាល់នោះគឺអ្នកជំនួញមកពីការិយាល័យពាណិជ្ជកម្មថៃ។ នាយករដ្ឋមន្ត្រីនិងមន្ត្រីជាច្រើនបានទៅកាន់ទីក្រុងភូកេតដើម្បីស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកកម្សាន្តនៅទីនោះចាប់ពីថ្ងៃទី១ខែកក្កដា។ នៅថ្ងៃនោះមានអ្នកទេសចរបរទេសជិត២០០០នាក់ ។
នៅថ្ងៃទី៥ខែកក្កដា ថៃបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦.១៦៦នាក់ និងស្លាប់៥០នាក់ ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ២៨៩.២៣៣នាក់ និងស្លាប់ ២.២៧៦ នាក់៕

ដោយ៖ ធីរីណា(រូបភាព៖AP)


ចែករំលែក៖