ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើត្រូវបានជនសង្ស័យឆក់យកកាបូបតែមិនបានសម្រេច បណ្ដាលឲ្យដួលរងរបួស

ចែករំលែក៖

    ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់ដែលកំពុងជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើ តែឆក់យកមិនបានសម្រេច គឺគ្រាន់តែបណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ដៃជើងប៉ុណ្ណោះ  ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

    ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើនៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ​ 1P-8373តែម្នាក់ឯង។  ចំណែកជនសង្ស័យជិះម៉ូតូម៉ាកនិច មិនចាំពណ៌មិនចាំស្លាកលេខឌុបគ្នា២នាក់បានបើករត់បាត់ទៅ។

    តាមប្រភពពីនារីរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាគុបជ្រុងចេញពីផ្ទះនៅជិតផ្សារចំការដូង ក្នុងគោលបំណងទៅទិញផ្លែឈើនៅផ្សារនាគមាសដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបពីគាត់តែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួលរងរបួសរលាត់ដៃជើង ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ តែដោយសារជនរងគ្រោះមិនមានបាត់បង់ទ្រព្យសម្បត្តិ​ ក៏បានទាក់ទងទៅក្រុមគ្រួសារមកយកទៅមន្ទីរពេទ្យដេីម្បីលាងរបួស​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖