ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីបុករថយន្តធុនធំពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងគាបតៃកុងរបួសធ្ងន់​

ចែករំលែក៖

   ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីបេីករថយន្តទៅបុករថយន្តគេពីក្រោយពេញទំហឹង​ កាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចមុខការដ្ឋានក្រឡុកស៊ីម៉ងត៍ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនរងគ្រោះជាអ្នកបើករថយន្តកូរ៉េដឹកត្រី ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.3393មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានគាបជាប់ក្នុងរថយន្តហើយត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកបើករថយន្តសាមុយជួយគាស់យកចេញដឹកយកទៅសង្គ្រោះអាយុជីវិតផងដែរ។

    បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញរថយន្តកូរ៉េដឹកត្រីបើកតាមបណ្ដោយផ្លូវ លេខ២១៧ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតមិនចាំម៉ាកពីក្រោយបណ្ដាលឲ្យរួញកាប៊ីនគាបជាប់តែកុង ប៉ុន្តែភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋក៏ដូចជាតៃកុងរថយន្តសាមុយនាំគ្នាជួយគាស់យកអ្នករងគ្រោះទៅព្យាបាលផងដែរ​ ដោយរបួសបាក់ជើងទាំងសងខាង ព្រមទាំងធ្លាក់ត្រីរាយប៉ាយពេញផ្លូវ។ ចំណែករថយន្តដែលត្រូវបានបុកបានបង្កើនល្បឿនចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។​

    ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំស្រាវជ្រាវរកភាគីម្ខាងទៀតដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖