ខេត្តស្វាយរៀង៖ ម្ចាស់សំណង់ខុសច្បាប់ត្រូវរុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រ ស្រុកស្វាយទាបឱ្យអស់ក្រោយអាជ្ញាធរខេត្តដាក់កំហិតត្រឹមរយៈពេល៧ថ្ងៃ។
ជាក់ស្ដែងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ក្រុមការងារទីចាត់ការអន្តរវិស័យ នៃសាលាខេត្តស្វាយរៀង មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកអភិបាលរងស្រុកស្វាយទាប លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំសំបួរ លោកមេភូមិ មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីនគបាលស្រុកស្វាយទាប និងអ្នកពាក់ព័ន្ធបានចុះទៅពិនិត្យស្រាវជ្រាវចំពោះករណីដែលមហាជនបានរិះគន់ចំៗដល់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាបថាបណ្តោយឱ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រ។
ជាលទ្ធផលក្រោយពីចុះពិនិត្យមើលជាក់ស្ដែងមក មន្ត្រីជំនាញបានឱ្យដឹងថា ការពិនិត្យរកឯកសាររួមមាន៖
ទី១-គឺការសាងសង់សំណង់អត់មានច្បាប់នៅក្នុងព្រែកសាធារណៈរបស់រដ្ឋ។ ដូច្នេះអាជ្ញាធរសម្រេចដាក់ឱសានវាទរយៈពេល ៧ថ្ងៃឱ្យម្ចាស់សំណង់រុះរើសំណង់ចេញឱ្យអស់គិតចាប់ពីថ្ងៃប្រកាសនេះតទៅ។
ទី២-ដីមិនទាន់បានចុះបញ្ជី៖ ចំពោះសំណង់នៅលើដី គឺឱ្យផ្អាកការសាងសង់បន្ត ដោយដីនេះមិនទាន់បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែកប្រសូត្រ ទំហំ និងការប៉ះពាល់ ដូច្នេះ ម្ចាស់ដីត្រូវរៀបចំឯកសារសុំចុះបញ្ជីដីធ្លីឱ្យបានស្របច្បាប់ រួចដាក់សំណើសុំធ្វើការអភិវឌ្ឍ ឬបើសង់អាហារដ្ឋាន រមណីយដ្ឋានត្រូវដាក់សំណើសុំជាថ្មីតាមឋានានុក្រម អាជ្ញាធរ មន្ទីរ ជំនាញពាក់ព័ន្ធ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan» នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិធី។
ទាក់ទិននឹងករណីនេះដែរ លោក ហេង ចំណូល (ហៅ ប្រុស) ដែលជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន។
មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន នៅខេត្តស្វាយរៀងបានរិះគន់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប ដែលបានបណ្តែតបណ្តោយឱ្យមានការចាក់ដីលុបរំលោភយកដីព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលស្រុកស្វាយទាប លោក ម៉ែន សារ៉ាន់ បានឆ្លើយថា រឿងហ្នឹងចង់ហួសដែនសមត្ថកិច្ចរបស់ស្រុកហើយ។
ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ ពេលមកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា៕
ដោយ៖ យឹម សុថាន