លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City បានបង្ហើបឱ្យដឹងថា ក្លិបរបស់លោកបានរារាំងកីឡាករ Rodri និង FerranTorres ពីការតំណាងឲ្យប្រទេសអេស្ប៉ាញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហើយបាននិយាយថា ក្លិបផ្សេងទៀតគួរតែធ្វើដូចគ្នានេះដែរដើម្បីការពារកីឡាករកុំឲ្យ លេងខ្លួនហួសហេតុពេកចំពោះការឲ្យកីឡាករទៅចូលរួមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ដកស្រង់យកមកផ្សាយបានឲ្យដឹងថា កីឡាករចំនួន៦នាក់ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញយូរ៉ូ២០២០ រួមមានខ្សែបម្រើ Pedri របស់ក្រុម Barcelona និងខ្សែការពារ Eric Garcia ផងដែរ ត្រូវបានកោះហៅឲ្យចូលរួមប្រកួតកីឡាអូឡាំពិក ហើយគ្រោងនឹងធ្វើការហ្វឹកហាត់នៅថ្ងៃទី១២ ខែកក្កដាមួយថ្ងៃបន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប។
ប៉ុន្តែខណៈដែលក្លិបនៅក្រៅប្រទេសអេស្ប៉ាញមានសិទ្ធិបដិសេធក្នុងការមិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនចូលរួមសម្រាប់ការប្រកួតកីឡានេះ។ អេស្ប៉ាញមានកាតព្វកិច្ចអនុញ្ញាតឱ្យកីឡាកររបស់ពួកគេទៅនិងតំណាងប្រទេសរបស់ពួកគេដោយជំនួសកីឡាករផ្សេងទៀតបាន។
លោក Guardiola បានប្រាប់បណ្តាញទូរទស្សន៍អេស្ប៉ាញកាលពីថ្ងៃចន្ទថា “Ferran Torres និង Rodri អាចទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែពួកគេនឹងមិនទៅណាទេ ពីព្រោះពួកគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍យូរ៉ូហើយ។ បើសិនជាឲ្យពួកគេទៅប្រកួតអូឡាំពិកទៀតគឺវាហួសពេកហើយ” ។
លោកបន្តថា “ការប្រកួតមួយនៅរដូវក្តៅគឺគ្រប់គ្រាន់ហើយ។ ក្លិបគឺជាអ្នកដែលបង់ប្រាក់ដល់កីឡាករហើយពួកគេត្រូវការការពារទ្រព្យសម្បត្តិរបស់ពួកគេ។ កាលវិភាគប្រកួតបច្ចុប្បន្នគឺមមាញឹក ហើយការប្រកួតថ្មី និងការប្រកួតនៅតែត្រូវបានបង្កើតឡើងជាលំដាប់”។
លោកបានបន្ថែមថា “អ្នកមិនអាចដឹងថា ខ្ញុំសប្បាយចិត្តប៉ុណ្ណាចំពោះលោកLuis Enrique នោះទេ។ គាត់សមនឹងទទួលបានអ្វីៗទាំងអស់នេះ។ គាត់គឺជាអ្នកឈ្នះដ៏ធំនៅក្នុងក្រុមនេះ ហើយបានបង្ហាញភាពក្លាហានជាច្រើនជាមួយការសម្រេចចិត្តរបស់គាត់”។
ក្រុមជម្រើសជាតិអេស្ប៉ាញត្រូវជួបក្រុមអុីតាលីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro ២០២០ នៅថ្ងៃអង្គារនេះ ហើយលោក Guardiola បានកោតសរសើរអតីតមិត្តរួមក្រុម Barcelona របស់លោក Luis Enrique ដែលបានដឹកនាំក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ៕ដោយ៖ ភារៈ
(រូបថត ៖ Reuters+CNA)