ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យកាប់ប្រហារប្រពន្ធក្រុមប្រឹក្សាឃុំថ្មពួកត្រូវនគរបាល ស្រុកថ្មពួកចាប់បានហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​បន្ទាប់ពីមានអំពើហិង្សាដោយចេតនាទៅលើស្ត្រីជាច្រើននាក់ដែលកំពុងស្លទឹកនំបញ្ចុកនិងចិតល្បោយនំធ្វើឲ្យស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣ទៅ៤នាក់រងរបួស​ធ្ងន់រួចជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល០៤ថ្ងៃ។តែមកដល់ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាជនដៃដល់បានហើយ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខណ:ជននេះគេចខ្លួនដល់ទីនោះ។

មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២ខែកក្ក​ដា​ ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក  មានករណីហិង្សាដោយចេតនាមួយកើតឡើង បង្កដោយឈ្មោះស្វឿង ប៉ុង ជនដៃដល់ ជាមនុស្សញៀនថ្នាំ បានធ្វើសម្មភាពកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់ស្ត្រី៣ទៅ៤នាក់ដែលកំពុង​ស្លទឹកនំបញ្ចុកហូបជាលក្ខណៈគ្រួសារនិងចិតបន្លែដោយពុំដឹងមូលហេតុ។ដោយឃើញពីសកម្មភាពរបស់ជនសង្ស័យ ស្ត្រីទាំងនោះបាននាំគ្នាស្ទុះក្រោករត់រៀងៗខ្លួន តែចៃដន្យស្ត្រីឈ្មោះហឿង សៃនាវ អាយុ៥៨ឆ្នាំ ជាប្រពន្ធរបស់ក្រុមប្រឹក្សាឃុំថ្មពួក  បានស្ទុះរត់បានបន្តិចជាន់ដុំដីក្រឡាច់ដួល ក៏ត្រូវជនដៃដល់មកដល់កាប់ត្រូវចំជើងទាំងសងខាង  ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ។ បន្ទាប់ពីរងរបួសធ្ងន់ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក​ថ្មពួក តែដោយរបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យស្រុកបានបញ្ជូនបន្តទៅមន្ទីរ​ពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។ ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុងក្រោយពីធ្វើ

សកម្មភាពរួចបានរត់គេចខ្លួនបាត់។

ប្រភពដដែលបានបញ្ជាក់ថា ដោយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួក ធ្វើការស្រាវជ្រាវយ៉ាងដិតដល់ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បាននៅ វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងលើ រួមទាំងដកហូតបានវត្ថុតាងកាំបិតខ្វែវ ដែលធ្វើសកម្មភាពកាប់ទៅលើស្ត្រីរងគ្រោះរួចបានយកទៅលាក់ទុកនៅក្នុងចម្ការដំឡូងមីខាងកើតវិទ្យាល័យថ្មពួកផង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ​បន្តតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖