ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅប្រទេសថៃ​ ថ្ងៃនេះ! រកឃើញ​មនុស្ស ជាង៥ពាន់នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺកូវីដ​ ៥៧នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤២០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​ ខណៈ​ដែល​អ្នកជំងឺកូវីដ​ ៥៧នាក់បានស្លាប់។ជាក់ស្ដែង​តាមការបញ្ជាក់ពី​មជ្ឈមណ្ឌល CCSA បានបន្ថែមទៀតថា ចំពោះ​ករណីឆ្លងថ្មីៗខាងលើនេះ​ ក្នុងចំណោម ៥,៣៨៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោស​ នៅតាមពន្ធនាគា​ ក្នុងប្រទេស​ថៃ។

បន្ថែមពីនេះ​ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត បានស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៥៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយព្យាបាលជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ ប្រទេសថៃ​ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩៤,៦៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៣៣នាក់ និងអ្នកជាសះស្បើយ ២២៧,០២៣នាក់៕ដោយ​៖ស​ តារា​


ចែករំលែក៖