ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដែលតាំងលក់ល្មើសនឹងវិធានការរដ្ឋបាលខណ្ឌត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះស្ទួចយកចេញ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ នាពេលកន្លងមក លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តែងតែដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចុះជាប្រចាំ រៀបចំឱ្យមានរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ មានបរិស្ថានអនាម័យល្អ ដើម្បីលើកសោភណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ចើមផ្លូវទុកសម្រាប់អ្នកដំណើរថ្មើរជើង ឬជនពិការធ្វើដំណើរផងដែរ។

  ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះអនុវត្តវិធានការក្ដៅចំពោះម្ចាស់ទីតាំងលក់រថយន្តដែលមានយីហោ វីរៈ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ដែលមិនគោរពតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ដោយតាំងលក់រថយន្តរំលោភលើចិញ្ចើមផ្លូវមិនរក្សាចិញ្ចើមផ្លូវ

ទុកសម្រាប់អ្នកថ្មើរជើងឬជនពិការភាពឡើយ ត្រូវបានកម្លាំងធ្វើការស្ទួចយករថយន្តមករក្សាទុកនៅសាលាខណ្ឌ តែម្ចាស់ទីតាំងមិនត្រឹមតែមិនអនុវត្តតាមវិធានការរដ្ឋបាលនោះ ថែមទាំងរឹងទទឹងជាមួយអាជ្ញាធរទៀតផង។

  គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងមួយ លេខ 588/21 សជណ ស្តីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។

  យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹង ថា រដ្ឋបាលខណ្ឌដូនពេញកន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឱ្យបានស្អាតជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖