ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានរងការបាញ់ប្រហារនៅកណ្តាលទីក្រុងអាមស្ទែរដាម ប្រទេសហុល្លង់(Amsterdam)

ចែករំលែក៖

អ្នកសារព័ត៌មានមួយរូបមានឯកទេសខាងបណ្តាញបទល្មើស Peter R. de Vries បានរងការបាញ់ប្រហារនៅក្នុងទីក្រុង អាមស្ទែរដាម(Amsterdam) ប្រទេសហុល្លង់។ អ្នកសារព័ត៌មានខាងលើរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។

សារព័ត៌មាន Parool នៅថ្ងៃទី៦ខែកក្កដា បានផ្សាយថា ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយមិនទាន់ដឹងពីស្ថានភាពបែបណានោះឡើយ។ កម្លាំងសន្តិសុខកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់។
សារព័ត៌មាន Parool បានដកស្រង់សម្តីសាក្សីនៅកន្លែងកើតហេតុ ដែលបានឱ្យដឹងថា អ្នកសារព័ត៌មានជនជាតិហុល្លង់ឈ្មោះ Lan De Vries រងការបាញ់ប្រហារចំក្បាលបណ្តាលឲ្យរបួសធ្ងន់។ នេះជាការបាញ់ប្រហារយ៉ាងព្រៃផ្សៃបំផុតទៅលើអ្នកសារព័ត៌មាន ។ អភិបាលក្រុង លោក Femke Halsema បានប្រកាសនៅក្នុងសន្និសីទកាសែតថា «ចំពោះយើងទាំងអស់គ្នា លោក Peter R De Vries គឺជាវីរបុរសជាតិសាសន៍ ជាអ្នកសារព័ត៌មានក្លាហាន មិនចេះនឿយហត់ក្នុងការស្វែងរកយុត្តិធម៌ក្នុងសង្គម»។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានការបាញ់ប្រហារនេះទេ។ អ្នកសារព័ត៌មាន De Vries ពីដើមមកគឺជាគោលដៅធ្វើឃាតរបស់ក្រុមជនល្មើស។ កម្លាំងប៉ូលិស និងរដ្ឋអាជ្ញាហុល្លង់បដិសេធវិភាគទៅលើបញ្ហាខាងលើ ។
អ្នកសារព័ត៌មាន De Vries គឺជាអ្នកសារព័ត៌មានល្បីល្បាញនៅក្នុងប្រទេសហុល្លង់ ត្រូវបានគេស្គាល់ថាជាអ្នកព័ត៌មានស្រាវជ្រាវបទល្មើស។ លោកក៏ជាអ្នកស្រាវជ្រាវពាក់ព័ន្ធករណីបាត់ខ្លួនយុវជន Natalee Holloway នៅឆ្នាំ២០០៦ផងដែរ។ លោកត្រូវបានក្រុមសង្គមងងឹតគំរាមកំហែងសម្លាប់ជាច្រើនលើកមកហើយ៕ដោយ៖ ធីរីណា

រូបភាព៖ AP

រូបភាព៖ TTXVN 


ចែករំលែក៖