ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ដែលអ្នកភូមិដឹងថាតែងតែធ្វើសកម្មភាពអុកឡុកបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិត្រូវបាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួននៅវេលាម៉ោង៤៖៣០នាទីរសៀថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះឆ្លៃ បូលីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អ្នកភូមិខាងលើបាននិយាយថាជននេះ កន្លងមកតែងតែដើរផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀន ហើយធ្វើសកម្មភាពបង្កអសន្តិសុខអុកឡុកក្នុងមូលដ្ឋាន និងធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ចំនួន០២លើករួចមកហើយ។លុះក្រោយពីចេញពីមណ្ឌលកែប្រែវិញជននេះនៅតែប្រព្រឹត្តនូវអំពើមិនគាប្បីដែលសង្គមស្អប់ខ្ពើមដោយ ផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀន។មិនតែប៉ុណ្ណោះថែមទាំងជិៈម៉ូតូស្រែកឡូឡា ព្រមទាំងកាន់ដាវសាមូរ៉ៃ គំរាមកាប់គេឯងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជាក់ស្តែងនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្មេងទំនើងម្នាក់នេះបានធ្វើសកម្មភាពបង្កអុកឡុកឈរកាន់ដាវនៅតាមផ្លូវសាធារណៈសំឡុតគំរាមកំហែងប៉ុនប៉ងកាប់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ នៅក្នុងមូលដ្ឋានធ្វើឲ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។ ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាមកម្លាំងនគរបាលស្រុក បានចេញទៅចាប់ឃាត់ខ្លួនជនសង្ស័យនិងដកហូតបានដាវសាមូរ៉ៃ ចំនួន០១ដើមជាភស្តុតាងផង។
បច្ចុប្បន្ននគរបាលស្រុកថ្មពួកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យនិងដាវ១ដើមទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ប្រាថ្នា