ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់និងម្នាក់ទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារបើកម៉ូតូបុកជាមួយម៉ូតូកង់បី នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់ចំណុចនៅភូមិសិលាខ្មែរ  ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ 

មន្រ្តីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហុង ថាវឿង ភេទប្រុសអាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ឯអ្នករងរបួសធ្ងន់ឈ្មោះ ថម ដូង ភេទប្រុសអាយុ៥២ឆ្នាំ នៅ ភូមិសិលាខ្មែរ  ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ  បើកម៉ូតូកង់បី ។

មន្រីនគរបាលដដែលបានបញ្ជាក់ថា មុនពេលកើតហេតុអ្នកបើកម៉ូតូហុងដាឌ្រីម បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលើផ្លូវជាតិលេខ៥៨ ។ ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូកង់បី ធ្វើដំណើរលើផ្លូវលំពីទិសខាងជើងទៅត្បូងឡើងកាត់ទ្រូងផ្លូវជាតិ ក៏ត្រូវម៉ូតូហុងដាឌ្រីមបុកបណ្តាលឲ្យអ្នកបើកម៉ូតូហុងដាឌ្រីមស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកបើកម៉ូតូកង់បី រងរបួសធ្ងន់ ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត​។ ចំណែកម៉ូតូហុងដាឌ្រីមខូចខាតធ្ងន់ ម៉ូតូកង់បីខូចខាតស្រាល។ បច្ចុប្បន្នយានយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ។ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់នេះត្រូវបាននគរបាលចរាចរណ៍អះអាងថា បណ្តាលមកពីអ្នកបើកម៉ូតូកង់បីបើកពីផ្លូវលំឡើងមកលើផ្លូវជាតិ ខ្វះការប្រុងប្រយ័ត្ន ៕ 

ដោយ ៖ វណ្ណា

 


ចែករំលែក៖