ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះបំពង់បង្ហូរប្រេងនៅអុីរ៉ង់ស្លាប់និងរបួស៧នាក់

ចែករំលែក៖

នៅថ្ងៃទី៦ខែកក្កដា មានករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Cheshmeh Khosh នៅតំបន់ភាគនិរតីនៃប្រទេសអុីរ៉ង់ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និង៤នាក់រងរបួស។
សារព័ត៌មាន IRNA បានដកស្រង់សម្តីអភិបាលក្រុង Shussh លោក Adan Ghazi ដែលបានបញ្ជាក់ថា ករណីផ្ទុះកើតឡើងក្នុងពេលដែលកម្មករកំពុងតែជួសជុលបំពង់បង្ហូរឧស្ម័ន ។ បំពង់បង្ហូរឧស្ម័នដែលផ្ទុះនោះ គឺបង្ហូរពីអណ្តូងប្រេង Cheshmeh Khosh ទៅកាន់ទីក្រុង Ahvaz។
រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអុីរ៉ង់ លោក Bijan Zanganeh បានបញ្ជាក់ថា បានស្នើដល់ក្រុមហ៊ុនប្រេង NIOC បញ្ជាក់ឱ្យបានច្បាស់ ពីមូលហេតុ និងការជួយដល់កម្មករដែលរងរបួសក៏ដូចជាគ្រួសារសពកម្មករ។
គ្រោះថ្នាក់ក្នុងវិស័យឧស្សាហកម្មប្រេងតែងតែកើតឡើងនៅក្នុងប្រទេសអុីរ៉ង់ មូលហេតុគឺដោយសារតែប្រទេសនេះមិនបានទិញគ្រឿងបម្លាស់ថ្មីមកផ្លាស់ប្តូរដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក ៕ដោយ៖ ធីរីណា

 

រូបថតៈ Mehr News


ចែករំលែក៖