ភ្នំពេញ៖ ពិធីករលោក សុខ រ៉ាស៊ី ដែលសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងអគ្គនាយកផលិតកម្មមហាហង្សទាក់ទិនរឿងប្រាក់ជួលឆាករៀបចំកម្មវិធីប្រកួតកញ្ញាឯក។ បណ្តឹងនេះបានធ្វើឡើងក្រោយពីលោកបានព្យាយាមទុកពេលឲ្យភាគីខាងផលិតកម្មទូទាត់បំណុលរយៈពេលជិតមួយឆ្នាំមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផល។ ក្រោយសម្រេចចិត្តដាក់ពាក្យបណ្តឹងលោករំពឹងថា នឹងទទួលបានយុត្តិធម៌ក្នុងសម័យសន្តិភាពនេះ។
ពិធីកររូបនេះបានបញ្ចេញសារថ្មីដ៏ចាក់ដោតបន្ថែមសម្រាប់ថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២១នេះថា “សម័យសម្តេចតេជោ យុត្តិធម៌ត្រូវតែមាន! រឿងក្តីមួយទាំងមូល ប៉ះពាល់ទាំងកិត្តិយស គេថាមិនអីទេ គេជួបរឿងទាំងនេះឡើងសុំាហើយ។ បានន័យថា បុគ្គលនេះមិនស្រលាញ់កិត្តិយសទេ តែងតែមានជម្លោះជាមួយគេផ្សេងទៀត! តែខ្ញុំយល់ថាខ្ញុំសំណាងណាស់ដែលកើត និងរស់នៅក្នុងសម័យសម្តេចតេជោ យុត្តិធម៌ត្រូវតែមាន! អ្នកមានលុយមិនអាចធ្វើបាបជនរងគ្រោះ បានដូចមុនទេ! មិនអាចកែប្រែពីសទៅខ្មៅ ពីខ្មៅទៅសបានទេ តុលាការត្រូវតែយុត្តិធម៌ សូមអរគុណទុកជាមុនឯកឧត្តម្ភរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ឯកឧត្តម្ភ កើត រិទ្ធ ! អរគុណសន្តិភាព។
នេះគឺជាសារថ្មីក្រោយការទម្លាយអំពីរឿងក្នុងចិត្តដ៏ពិបាកទ្រាំ ដែលលោក សុខ រ៉ាស៊ី ថា លោកអុិន សុភិន ជាអ្នកមានទ្រព្យស្តុកស្តម្ភរស់នៅលើវីឡាស្កឹមស្កៃ មានក្រុមហ៊ុនជាច្រើនក្នុងដៃមិនលំបាកក្នុងការទូទាត់បំណុលនោះទេ។ ខណៈដែលលោក អុិន សុភិន ក៏បានបញ្ជាក់សារខ្លីមុននេះដែរថា គ្រប់យ៉ាងគឺលោកទុកឲ្យច្បាប់ជាអ្នកបញ្ជាក់ ហើយលោកមិនមានអ្វីបកស្រាយនោះទេ ។ លោកថែមទាំងហ៊ានធានាទៀតថានឹងមិនមានរឿងអ្វីធ្ងន់ធ្ងរចំពោះរូបលោកនោះដែរ។
គួរបញ្ជាក់ដែរថា ករណីនៃការផ្ទុះឡើងនូវរឿងរ៉ាវចម្រូងចម្រាសអំពីការខកខានក្នុងការទូទាត់ប្រាក់ដែលជំពាក់ទៅកាន់លោកសុខ រ៉ាស៊ី ជាថៅកែឆាកតន្ត្រី ពីសំណាក់ផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកMiss Grand Cmabodia នៅកម្ពុជា គឺកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រោយពីលោកសុខ រ៉ាស៊ី បានប្រកាសអំពីការមិនអាចភ្ជាប់ទំនាក់ទំនងបានជាមួយលោក អុិន សុភិនជាអគ្គនាយកនោះ។ ជាបន្តបន្ទាប់លោកសុខ រ៉ាស៊ីបានបញ្ចេញសារជាហូរហែជុំវិញរឿងនេះរហូតមានការគំរាមប្តឹងគ្នាទៅវិញវិញទៅមក រួមទាំងការសម្របសម្រួលសងប្រាក់ ប៉ុន្តែត្រូវបានលោកសុខ រ៉ាស៊ី ច្រានចោលការសន្យា ដែលលោកថាជាការបោកប្រាស់។ ចុងក្រោយលោក សុខ រ៉ាស៊ី ប្រកាសសម្រេចប្តឹងលោក អុិន សុភិន ដោយទាមទារសំណងចំនួន១៥.៧០០ដុល្លារអាមេរិក។ គេនៅរង់ចាំតាមដានបន្តទៀតថាតើរឿងនេះនឹងទៅជាយ៉ាងណា៕
ដោយ ៖ វឌ្ឍនា