ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ក្នុងករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន។ ក្នុងនោះដែរសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីម៉ាកK59 ចំនួន ០១ដើម គ្រាប់ចំនួន ០២គ្រាប់នៅក្នុងបង់ស្រាប់។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុករុក្ខគីរីបានឲ្យដឹងថា មូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី ៥ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៧និង០០នាទីនៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានការគំរាមកំហែងប្រើប្រាស់អាវុធមួយកើតឡើង ដោយឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋ។ បុរសនេះបានប្រើពាក្យសម្ដីនិងយកអាវុធមកគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន ឈ្មោះ ឆោម អេម ភេទស្រី អាយុ ៥៣ឆ្នាំ ក្នុងពេលដែលរូបគាត់មានទំនាស់ជាមួយគ្នា ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងពេលធ្វើសកម្មភាពនេះ ប្រពន្ធដែលមានការភ័យខ្លាច បានរត់ចេញពីផ្ទះនិងរាយការណ៍ភ្លាមដល់សមត្ថកិច្ច នគរបាលមូលដ្ឋានហើយពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរី បានចុះទៅអនុវត្តការឃាត់ខ្លួន និងនាំមកធ្វើការស្រាវជ្រាវជាបន្ទាន់តែម្តង ។
ក្រោយឃាត់ខ្លួនជនសង័្សយឆ្លើយសារភាពថា ខ្លួនពិតជាយកអាវុធខ្លីមួយដើមមកគំរាមសម្លាប់ប្រពន្ធ ប្រាកដមែន។បន្ទាប់មកសមត្ថកិច្ចនគរបាលបានធ្វើការដកហូតយកកាំភ្លើងខ្លី១ដើមដែលរូបគេបានទិញពីអ្នកនៅភ្នំពេញម្នាក់ ដែលបានស្គាល់គ្នា។
បុរសនេះសារភាពទៀតថាមូលហេតុដែលគាត់ (ទិញអាវុធខ្លី) យកមកប្រើប្រាស់ខុសច្បាប់ខណ:ដែលរូបគាត់ ជាប្រជាពលរដ្ឋ មិនមែនជាសមត្ថកិច្ចផងនោះ ព្រោះតែខ្លួនគេស្រឡាញ់អាវុធនេះពេក។
យ៉ាងណានៅពេលនេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានកសាងសំណុំរឿងនិងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់រួចហើយ៕
ដោយ ៖ ប្រាថ្នា