ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភសេពសន្ថវ:កូនស្រីខ្លួនឯងពេលទៅឃ្វាលគោ ទើបបែករឿងប្រពន្ធប្តឹងឲ្យសមត្ថកិច្ចចាប់ដាក់គុក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នគរបាលជំនាញខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ នេះបាន នាំខ្លួនបុរសវ័យចំណាស់ម្នាក់ទៅសាកសួរបន្ទាប់ពីប្រពន្ធរបស់គាត់ដាក់ពាក្យបណ្តឹងថា ប្តីកំហូចរូបនេះចាប់កូនស្រីបង្កើតអាយុ១៥ឆ្នាំរំលោភសេពសន្ថវ:នៅពេលទៅឃ្វាលគោ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា បុរសចាប់រំលោភកូនស្រីឯងនេះឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

នៅក្នុងពាក្យបណ្តឹង ស្រ្តីជាប្រពន្ធបានរៀបរាប់ពីសកម្មភាពរបស់ជនសង័្សយខាងលើថា កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ ក្នុងខណៈដែលកូនស្រីរបស់គាត់ ទៅឃ្វាលគោនៅ ចំណុចវាលស្រែក្នុងឃុំកកោះ ស្រុកមោងឫស្សី ហើយបានចាប់រំលោភកូនស្រីខ្លួនឯងជាអនិតិជនបានសម្រេច។

សកម្មភាពនេះ មិនត្រូវបានរូបគាត់ដឹងភ្លាមៗទេ ដោយសារជនសង័្សយជាប្តីគំរាមកំហែង មិនឱ្យកូនស្រីគាត់និយាយប្រាប់។លុះបាន៣ថ្ងៃក្រោយមកឃើញកូនស្រីមានទឹកមុខស្លេកស្លាំង គាត់ក៏បានជជីកសួរយ៉ាងយូរទើបកូនស្រីទម្លាយរឿងនេះឲ្យដឹង ហើយមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១គាត់ក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្តីកំហូចតែម្តង។

 ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយសមត្ថកិច្ចជំនាញឃាត់ខ្លួនបុរសជាជនសង័្សយរូបនេះ បានទទួលស្គាល់កំហុសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយទទួលស្គាល់ថា រូបគាត់បានធ្វើសកម្មភាព ទៅលើកូនស្រីនោះមែន តែមិនបានសម្រេចទេ ដោយសារមានក្មេងៗ ឃ្វាលគោនៅក្បែរនោះ។

ទោះជាមានការបដិសេធបែបនេះក្តី ពេលនេះ ជនសង្ស័យនេះ ត្រូវបាននគរបាលស្រុកមោងឫស្សី កសាងសំណុំរឿង បញ្ជូនមកផែនជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖