ភ្នំពេញ ៖ យុវជនម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងរត់គេចពីក្មេងស្ទាវមួយក្រុមយ៉ាងលឿនរួចជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ព្រមទាំងត្រូវក្រុមក្មេងស្ទាវទាំងនោះយកដុំថ្មនិងដុំឥដ្ឋមកគប់លេីរថយន្តថែមទៀតបង្កឱ្យរងការខូចខាតកាន់តែធ្ងនធ្ងរ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២៩២ កែងផ្លូវលេខ១២៩ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាក LEXUS NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-0988 បេីកបរដោយយុវជនម្នាក់តាមបណ្ដោយផ្លូវលេខ២៩២ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន ព្រោះឃេីញមានក្មេងស្ទាវមួយក្រុមទៀតដេញតាមពីក្រោយ ធ្វេីឲ្យអ្នកបើករថយន្តបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះអ្នកបើករថយន្តបានបេីកទ្វាររត់គេចពីក្រុមក្មេងស្ទាវទាំងនោះបាត់ស្រមោលទៅ តែក្រុមក្មេងស្ទាវទាំងនោះមិនអស់ចិត្តក៏បានយកដុំថ្ម ដុំឥដ្ឋ និងដបស្រាបៀរមកគប់ទៅលេីរថយន្តខាងលេីបណ្តាលឱ្យរងការខូចខាតកាន់តែខ្លាំង ។
ក្រោយកេីតហេតុភ្លាមៗ ក្រុមក្មេងស្ទាវទាំងទោះបានចាកចេញពីកន្លែងកេីតហេតុបាត់អស់ទៅ មិនរំខានដល់សមត្ថកិច្ចឡើយ។ ដោយឡែករថយន្តខាងលេីបានធ្វេីឲ្យខូចខាតដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងគ្មានដំណោះស្រាយ ទេីបសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ