ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​មណ្ឌលគិរី​៖​ ក្រោយ​រក​ឃើញអ្នក​​វិជ្ជមាន​កូ​វី​ដ-១៩​ ​បន្តបន្ទាប់នៅ​ផ្សារ​សែន​មនោ​រម្យ​,​ ពេល​នេះ​អាជ្ញាធរចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បេី​តាមការបញ្ជាក់ពី​លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១នេះ​ បានថ្លែង​ថា​៖ ក្រោយ​មានការ​បិទ​ខ្ទប់ដោយសារ​តែ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ-​១៩ ជា​បន្តបន្ទាប់នៅ​ផ្សារ​សែន​មនោ​រម្យ​ ពេល​នេះ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​ ​បាន​បន្ត​ចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ​ទាំងអស់​។

អភិបាលក្រុង​សែន​មនោ​រម្យ បានថ្លែង​បន្តថា​ រដ្ឋបាល​ក្រុង​ បាន​ដឹកនាំ​កងកម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង កងកម្លាំង​រាជ​អាវុធហត្ថ​ក្រុង និង​ក្រុមការងារ​រដ្ឋបាល​សង្កាត់ ចូលរួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​បិទ​ខ្ទប់​ធ្វើ​យុទ្ធនាការ​យក​សំណាក​បងប្អូន​អាជីវករ​នៅ​ផ្សារ​បណ្តោះអាសន្ន​លើ​សួរ​ច្បារ​ដំរី​ដែក និង​ផ្សារ​គុម្ព​ឬ​ស្សី លើ​មនុស្ស​សរុបចំនួន​ ​១១០​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៨២​នាក់ ដើម្បី​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​-១៩ គឺ​អវិជ្ជមាន​ទាំងអស់ ។

ដោយ​ឡែក​បើ​តាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ បានបញ្ជាក់នៅ​ថ្ងៃ​ទី​៨ ខែកក្កដានេះ អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានជា​សះស្បើយ​សរុប​១៣​នាក់ ស្រី​៨​នាក់ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្ដែ​ក្រុម​គ្រូពេទ្យ និង​លោក​អភិបាលក្រុង​ បាន​ធ្វើការ​ណែនាំ​ដល់​អ្នកជា​សះស្បើយ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សុខភាព​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ចូលរួម​បង្ការ ការពារ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ។

គួរបញ្ជាក់​ថា​ ខេត្តមណ្ឌលគិរី មានចំនួន​អ្នកជំងឺ​កូ​វី​ដ-១៩​ ​សរុប​​ចំនួន​២០៧​នាក់ ក្នុង​នោះ​ស្លា​ប់​ពីរ​នាក់​ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា​ ឆ្នាំ​២០២១នេះ​​៕ដោយ​៖សហការី


ចែករំលែក៖